តើទីផ្សារអចលនទ្រព្យនៅប្រទេសហ្វីលីពីន កំពុងប្រែប្រួលបែបណានៅក្នុងឆ្នាំ២០២៤នេះ?

0

ដោយ: គង់ លាងហួរ
ម៉ានីល: ស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសហ្វីលីពីននៅតែបន្តប្រែប្រួល ខណៈពេលដែលការស្ទុះងើបឡើងវិញមានល្បឿនយឺតជាងការរំពឹងទុក ដែលការណ៍នេះអាចបណ្តាលមកពីកត្តាសំខាន់ៗចំនួន៣។

កត្តាសំខាន់ទាំង៣នោះ រួមមានដូចជា កត្តាទី១: ផលប៉ះពាល់នៃជំងឺរាតត្បាតមកលើការិយាល័យពាណិជ្ជកម្ម ទីផ្សារលក់រាយ និងលំនៅដ្ឋាន។ កត្តាទី២: អត្រាអតិផរណា និងអត្រាការប្រាក់ និងកត្តាទី៣: ជម្លោះភូមិសាស្ត្រនយោបាយនៅប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ដែលបានបង្កភាពមិនប្រាកដប្រជាជាសកល និងជះឥទ្ធិពលដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

អត្រាការិយាល័យទំនេរនៅទីក្រុងម៉ានីលបានកើនឡើងដល់២០ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ ការកើនឡើងនេះអាចបណ្តាលមកពីការផ្គត់ផ្គង់ថ្មីជាបន្តបន្ទាប់នៅក្នុងទីផ្សារ ដែលជំរុញឱ្យការផ្គត់ផ្គង់សរុបកើនដល់៦៦មុឺនម៉ែត្រការ៉េ បើធៀបនឹង៣៦មុឺនម៉ែត្រការ៉េ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះជាយ៉ាងណាក្តី ថ្លៃជួលការិយាល័យជាមធ្យមនៅតែស្ថិតក្នុងកម្រិត១.១០០ប៉េសូ (១៩,០៩ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ ដែលការណ៍នេះបញ្ជាក់ពីភាពធន់នៃទីផ្សារ នៅចំពោះមុខការធ្លាក់ចុះនៃតម្រូវការ។

ចំណែក ទីផ្សារការិយាល័យនៅតាមខេត្តមានអត្រាទុកទំនេរចោលចំនួន២៨ភាគរយ ជាមួយនឹងការផ្គត់ផ្គង់សរុប២៣មុឺនម៉ែត្រការ៉េ ខណៈដែលថ្លៃជួលជាមធ្យមត្រូវបានកំណត់នៅត្រឹម៦០០ប៉េសូ(១០,៤១ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។

ជាមួយគ្នានេះ អត្រាទុកទំនេរចោលដ៏ខ្ពស់ក៏បានជះឥទ្ធិពលដល់វិស័យលក់រាយ និងលំនៅដ្ឋាន ជាពិសេសតម្លៃខុនដូ បានថយចុះ១៤,៥% លើមូលដ្ឋានប្រចាំត្រីមាស និងថយចុះ០,៣%លើមូលដ្ឋានប្រចាំឆ្នាំ ដោយផ្អែកលើសន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន Bangko Sentral ng Pilipinas (BSP)។

យ៉ាងណាមិញ ចំណុចវិជ្ជមានមួយនៅក្នុងឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសហ្វីលីពីន គឺការបន្តកើនឡើងនៃការអភិវឌ្ឍន៍ផ្ទះ Townhouse ឬអគារប្រើប្រាស់ចម្រុះ ដែលចំនួន៤០ភាគរយនៃការអភិវឌ្ឍន៍ទាំងនេះស្ថិតនៅក្នុងទីក្រុងម៉ានីល (Metro Manila) និងចំនួន៦០ភាគរយស្ថិតនៅក្នុងបណ្តាខេត្ត។

លើសពីនេះ ការបង្កើតតំបន់ទីប្រជុំជន(Townships) ត្រូវបានគេរំពឹងថា នឹងរក្សានិរន្តរភាពតម្រូវការលក់រាយ និងលំនៅដ្ឋាន ដោយសារការរៀបចំរចនាសម្ព័ន្ធនៃសហគមន៍ ដែលរួមបញ្ចូលគ្នានូវការិយាល័យ ការលំហែ ការលក់រាយ និងកន្លែងសិក្សា៕ប្រភព: INQUIRER.NET៕

LEAVE A REPLY

Please enter your comment!
Please enter your name here