ចំណេះដឹង! តើពន្ធនិងអាករលើទំនិញនាំចេញនាំចូលត្រូវគណនាដូចម្តេច?

0

​ដោយវុត្ថា

​ភ្នំពេញ៖ នៅថ្ងៃនេះគេហទំព័រ propertyarea.asia សូមលើកយកចំណេះដឹងទូទៅ ទាក់ទងនឹងនិតិវិធីនាំចេញនាំចូល ដើម្បីឲ្យលោក លោកស្រី អ្នកអានទាំងអស់បានជ្រាប ដើម្បីធ្វើជាចំណេះដឹងសំរាប់ខ្លួន។

​សូមចាប់ផ្តើមអាន និងឆ្លើយសំណួរពាក់ព័ន្ឋមួយចំនួន ដូចជា
​សំណួរៈ តើពន្ឋនិងអាករលើទំនិញនាំចេញ នាំចូលត្រូវគណនាយ៉ាងដូចម្តេច?

ចម្លើយៈ ពន្ធ​ និងអាករលើទំនិញនាំចូល​ នាំចេញ ត្រូវបាន​គណនាតាមវិធីសាស្ត្រដូចខាងក្រោម៖

ក. ចំពោះទំនិញទូទៅ
ការគណនាប្រាក់ពន្ធ​ អាករ​ ត្រូវគណនា​តាមលំដាប់លំដោយ​ ជាដំបូងត្រូវគណនាពន្ធនាំចូល​ អាករពិសេស​ (បើមាន)​ និងអាករលើតម្លៃបន្ថែម។​

• ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
• អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
• អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x ១០%​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស)
ឬ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)
ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស)
ឬ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​ជាប់
អាករពិសេស)

ឧទាហរណ៍ៈ​ ក្រុមហ៊ុន​ A នាំចូលស្រាបៀរចំនួន​ 20 កេស​ ដែលមានតម្លៃគិតពន្ធគយស្មើ​ 4លានរៀល​។​ តើប្រាក់ពន្ធ​ និងអាករសរុប​ដែលត្រូវបង់ស្មើប៉ុន្មាន​ ?
ចម្លើយៈ​ ការនាំចូលស្រាបៀរ​ ត្រូវជាប់ពន្ធនាំចូល​តាមអត្រា 35%​ អាករពិសេស ​25%​ និង​អាករលើតម្លៃបន្ថែម​
10% ។​ ការគណនាប្រាក់ពន្ធ​ និងអាករ​ មានដូចខាងក្រោម៖
• ពន្ធនាំចូល​ = 4,000,000 x 35% = 1,400,000រៀល
• អាករពិសេស​ = (4,000,000 + 1,400,000) x 25% = 1,350,000​រៀល
• អាករលើតម្លៃបន្ថែម​ = (4,000,000 + 1,400,000 + 1,350,000) x 10%
= 675,000 រៀល
​​​ ដូចនេះ​ ប្រាក់ពន្ធ​ និងអាករសរុបដែលត្រូវបង់​ = 1,400,000 + 1,350,000 + 675,000
= 3,425,000 រៀល​។

ខ. ចំពោះ​ប្រេងសាំង​ ឬម៉ាស៊ូត
ការគណនាប្រាក់ពន្ធ​ អាករ​ ត្រូវគណនា​តាមលំដាប់លំដោយ​ ជាដំបូងត្រូវគណនាពន្ធនាំចូល​ អាករបន្ថែម​ អាករពិសេស​ និងអាករលើតម្លៃបន្ថែម។​
• ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
• អាករបន្ថែម​ = បរិមាណ (ចំនួនលីត្រ) x 0.02$ x អត្រាប្តូរប្រាក់​ (ចំពោះប្រេងសាំង)
ឬ = បរិមាណ (ចំនួនលីត្រ) x 0.04$ x អត្រាប្តូរប្រាក់​ (ចំពោះប្រេងម៉ាស៊ូត)
• អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករបន្ថែម​) x អត្រាអាករពិសេស
• អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករបន្ថែម + អាករពិសេស) x ១០%
ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករបន្ថែម​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​
ឧទាហរណ៍ៈ​ ក្រុមហ៊ុន​ B នាំចូលប្រេងសាំង​ 100 លីត្រ ដែលមានតម្លៃគិតពន្ធគយស្មើ​ 250,000រៀល​។​ តើប្រាក់ពន្ធ​ និងអាករសរុប​ដែលត្រូវបង់ស្មើប៉ុន្មាន​ ? ដោយដឹងថា​ អត្រាប្តូរប្រាក់​ 1$ = 4,000 រៀល។
ចម្លើយៈ​ ការនាំចូលប្រេងសាំង​​ ត្រូវជាប់ពន្ធនាំចូល​តាមអត្រា 35%​ អាករបន្ថែម​ 0.02$ ក្នុង 1លីត្រ អាករពិសេស ​
33.33%​ និង​អាករលើតម្លៃបន្ថែម ​10% ។​ ការគណនាប្រាក់ពន្ធ​ និងអាករ​ មានដូចខាងក្រោម៖
• ពន្ធនាំចូល​ = 250,000 x 35% = 87,500រៀល
• អាករបន្ថែម​ =​ 100 x 0.02 x 4000 = 8,000 រៀល
• អាករពិសេស​ = (250,000 + 87,500 + 8,000) x 33.33% = 115,155.15 ​រៀល
• អាករលើតម្លៃបន្ថែម​ = (250,000 + 87,500 + 8,000 + 115,155.15) x 10%
= 46,065.52 រៀល
​​​ ដូចនេះ​ ប្រាក់ពន្ធ​ និងអាករសរុបដែលត្រូវបង់​ = 87,500 + 8,000 + 115,155.15 + 46,065.52
= 256,721 រៀល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here