ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់

0

ក្នុងករណីដែលកម្ដៅកើនឡើងខ្លាំងលើសពី៤០អង្សារសេ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារចំពោះសុខភាពកុមារ។ សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងពេលជួបសំណេះជាមួយកម្មករ និយោជិត មន្ត្រីរាជការដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី ថ្លែងដូច្នេះ « ជាពិសេសនៅតាមសាលាក្មេងតូចៗ ថ្ងៃណាពាក់ព័ន្ធនឹងសីតុណ្ហភាពឡើងលើស ៤០ដឺក្រ(អង្សារសេ) សូមឱ្យពិនិត្យមើល ទីមួយម៉ោងពេលវេលារៀន ព្រោះក្ដៅខ្លាំងជាពិសេសម៉ោង១០ ម៉ោង២ហ្នឹង ចឹងកែម៉ោងទៅ កុំឱ្យចូល គិតគូររឿងទឹកការប្រើប្រាស់ហូប ហើយបើចាំបាច់ គឺប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រងបើសិនជាក្ដៅខ្លាំងលើស៤០ដឺក្រ ហើយសាលាមិនអំណោយផលអាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឱ្យ(សិស្ស)អង្គុយយូរ»ជាការកត់សម្គាល់ លោកគ្រូ អ្នកគ្រូ បានផ្សព្វផ្សាយពីរូបភាពមួយចំនួនលើទំព័រហ្វេសប៊ុក ស្ដីពីសកម្មភាពយកកន្សែងជ្រលក់ជាមួយទឹក រួចដាក់លើក្បាលរបស់កុមារតូចៗ ដើម្បីកាត់បន្ថយកម្ដៅដែលក្ដៅខ្លាំងជះមកលើកុមារ។

សកម្មភាពនេះ សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកថាមិនមែនជារឿងល្អទេ ដែលដាក់កន្សែងត្រជាក់លើក្បាល ហើយអង្គុយក្រោយកម្ដៅរាប់សិបម៉ោង។ សម្ដេចបានចាត់ថា ការរៀនក្រោមកម្ដៅជាង៤០ អង្សារសេ មិនមែនជារឿងចំណេញឡើយ។

ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុក្ដៅខ្លាំងនេះ សម្ដេចបានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវត្រៀមខ្លួនជួយប្រជាពលរដ្ឋ លើបញ្ហាទឹកប្រើប្រាស់ និងត្រៀមដោះស្រាយបញ្ហាអគ្គិភ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here