តើគោលនយោបាយអចលនទ្រព្យរបស់ប្រទេសថៃ អាចជះផលប៉ះពាល់ទៅលើទីផ្សារម៉ាឡេស៊ីដែរឬទេ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការប្រណាំងប្រជែង ដើម្បីទាក់ទាញការវិនិយោគពីបរទេស ចូលទៅក្នុងទីផ្សារអចលនទ្រព្យម៉ាឡេស៊ី បានពុះកញ្ជ្រោលកាន់តែខ្លាំងឡើង បន្ទាប់ពីប្រទេសថៃកែសម្រួល គោលនយោបាយរបស់ខ្លួននាពេលថ្មីៗនេះ។

លោក Samuel Tan នាយកប្រតិបត្តិក្រុមហ៊ុន KGV International Property Consultants បានលើកឡើងថា “វាមានសារៈសំខាន់ណាស់ សម្រាប់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការស្តារសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញវិនិយោគិនបរទេស ជាពិសេសស្របពេលដែលមានពេលវេលាដ៏លំបាកនាពេលខាងមុខ”។

ថ្មីៗនេះ រដ្ឋាភិបាលថៃ បានដាក់ចេញនូវវិធានការផ្សេងៗ រួមទាំងការកាត់បន្ថយថ្លៃចុះបញ្ជី និងថ្លៃផ្ទេរអចលនទ្រព្យ ដើម្បីជំរុញទីផ្សារអចលនទ្រព្យលំនៅដ្ឋានរបស់ខ្លួន។

លោក Tan បានលើកឡើងអំពីសារៈសំខាន់ នៃវិធានការទាំងនេះ ដែលមានបំណងជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលជាប្រទេ​សមានសេដ្ឋកិច្ចធំជាងគេទីពីរនៅតំបន់អាស៊ាន។

ជាមួយគ្នានេះ លោកក៏បានកត់សម្គាល់ឃើញ ពីការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងគោលនយោបាយរបស់ប្រទេសថៃ ដូចជាការបញ្ចុះថ្លៃប្រតិបត្តិការ និងការកាត់បន្ថយពន្ធសម្រាប់ការសាងសង់ផ្ទះ រួមជាមួ​យនឹងការកែប្រែច្បាប់លើកម្មសិទ្ធិបរទេស និងការពង្រីករយៈពេលនៃការជួល។

លោក Samuel Tan អះអាងថា “នេះបង្ហាញពីសារៈសំខាន់នៃបញ្ហាគួរឱ្យព្រួយបារម្ភ។ រដ្ឋាភិបាលម៉ាឡេស៊ី គួរតែប្រកាន់យកនូវវិធីសាស្រ្តសកម្ម ហើយពិនិត្យមើលឡើងវិញ នូវគោលនយោបាយដែលមិនសូវអំណោយផល ដើម្បីលើកទឹកចិត្តដល់កម្មសិទ្ធិបរទេស”។

អ្នកជំនាញរូបនេះបញ្ជាក់ថា ចំណុចមួយដែលគួរឱ្យចាប់អារម្ម​ណ៍បំផុតនោះគឺនៅត្រង់ថា ម៉ាឡេស៊ីបានកំណត់ពន្ធប្រថាប់ត្រា៤ភាគរយ លើជនបរទេសដែលទិញអចលនទ្រព្យ នៅក្នុងប្រទេសរបស់ខ្លួន ហើយការណ៍នេះអាចរារាំងដល់ការវិនិយោគ។

បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសថៃយ៉ាងណាក្តី ក៏ប៉ុន្តែ លោក Tan ជឿជាក់ថា ម៉ាឡេស៊ីនៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគ ដោយសារតែក្របខ័ណ្ឌច្បាប់ មានលក្ខណៈអំណោយផល គួបផ្សំនឹងបរិយាកាសស្វាគមន៍កក់ក្តៅ សន្តិសុខ និងអាហារ។

លោក Tan Ka Leong នាយកគ្រប់គ្រងនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Malaysia ជឿជាក់​ថា​ វិធានការ​អចលនទ្រព្យ​ថ្មី​របស់​ប្រទេស​ថៃ ​នឹង​មិន​ជះផលប៉ះពាល់​ខ្លាំង ​ដល់​ទីផ្សារ​របស់​ម៉ាឡេស៊ី​ទេដោយសារ​គុណសម្បត្តិ​ និង​ភាព​ទាក់ទាញ​ខុសៗ​គ្នា៕ប្រភព: NST Online៕

LEAVE A REPLY

Please enter your comment!
Please enter your name here