ឥណ្ឌូនេស៊ីគ្រោងអនុញ្ញាតឱ្យប្រជាជនអាចមានសញ្ជាតិពីរ ដើម្បីទប់ស្កាត់លំហូរចេញនៃអ្នកមានទេពកោសល្យ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងផ្តល់សញ្ជាតិទីពីរដល់បុគ្គល ដែលមានជំនាញខ្ពស់ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការហូរចេញនៃក្រុមមនុស្ស ដែលមានទេពកោសល្យនៅក្នុងស្រុក។

លោក Luhut Panjaitan រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគនៃប្រទេសឥណ្ឌូនេស៊ី បានធ្វើសេចក្តីប្រកាសបែបនេះកាលពីថ្ងៃអង្គារទី៣០ ខែមេសាកន្លងទៅ។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។

លោកបានថ្លែងនៅក្នុងសន្និសីទមួយ ដែលចូលរួមដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft គឺលោក Satya Nadella យ៉ាងដូច្នេះថា “ឥណ្ឌូនេស៊ីព្យាយាមខិតខំ ត្រៀមយុវជនជិត៣.០០០នាក់ឱ្យរួចជាស្រេច ដើម្បីធ្វើការជាអ្នកអភិវឌ្ឍន៍នៅឆ្នាំ២០២៩ និងបង្កើតមជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិតនៅកោះបាលី”។

បច្ចុប្បន្ននេះ ច្បាប់របស់ប្រទេសឥណ្ឌូណេស៊ី បានហាមប្រាមមិនឱ្យប្រជាជនមានសញ្ជាតិពីរ។ តួយ៉ាង កុមារដែលមានលិខិ​តឆ្លងដែនចំនួន២ត្រូវជ្រើសរើសយកមួយ ហើយបោះបង់ចោលលិខិតឆ្ល​ងដែនមួយទៀត នៅពេលពួកគេឈានដល់អាយុ១៨ឆ្នាំ។

ប៉ុន្តែយ៉ាងណាមិញ ច្បាប់នេះបានបង្ខំឱ្យមនុស្ស ដែលមានទេពកោសល្យ និងមានជំនាញខ្ពស់ សម្រុកចាកចេញពីប្រទេសណ្ឌូនេស៊ី ឆ្ពោះទៅកាន់បណ្តាប្រទេសផ្សេងទៀត ដែលអនុញ្ញាតឱ្យប្រជាជនអាចមានសញ្ជាតិទីពីរ។

យោងតាមនាយកដ្ឋានផ្នែកអន្តោរប្រវេសន៍ របស់ប្រទេសនេះបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ និស្សិតឥណ្ឌូនេស៊ីប្រមាណ១.០០០នាក់ ដែលមានអាយុចន្លោះពី២៥ទៅ៣៥ឆ្នាំ បានសម្រេចចិត្តដាក់ពាក្យស្នើសុំសញ្ជាតិជាពលរដ្ឋសិង្ហបុរី។

ទន្ទឹមនឹងនេះដែរ អត្រាអ្នកគ្មានការងារធ្វើក្នុងស្រុក នៅឥណ្ឌូនេស៊ី ស្ថិតក្នុងកម្រិត៥,៣ភាគរយ ដោយក្នុងនោះ អត្រាអ្នកគ្មានការងារធ្វើសម្រាប់មនុស្ស ដែលមានអាយុពី១៥ ទៅដល់២៤ឆ្នាំ មានកម្រិត១៩,៤ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារស្ថិតិឥណ្ឌូនេស៊ី។ប្រភព: BNN Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here