ប្រទេសចំនួន៤ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចអឺរ៉ុបបានធ្វើឱ្យតំបន់ទាំងមូលងើបចេញពីវិបត្តិសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តំបន់ចាយប្រាក់អឺរ៉ូ បានងើបចេញពីវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីបណ្តាប្រទេសចំនួន៤ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចអឺរ៉ុបសម្រេចបានកំណើនលើសការព្យាករណ៍ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤។

បណ្តាប្រទេសអឺរ៉ុបទាំង៣១ ដែលប្រើប្រាស់រូបិយប័ណ្ណប្រាក់អឺរ៉ូ បានប្រកាសកំណើនសេដ្ឋកិច្ចក្នុងរង្វង់០,៣ភាគរយ នៅចន្លោះខែមករា និងខែមីនា បន្ទាប់ពីធ្លាក់ចុះ០,១ភាគរយ ក្នុងរយៈពេល២ត្រីមាសជាប់ៗគ្នា។

យោងតាមតួលេខពីទីភ្នាក់ងារស្ថិតិ របស់គណៈកម្មការអឺរ៉ុប Eurostat  បានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំនេះ តំបន់ចាយប្រាក់អឺរ៉ូ សម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២២។ការថយចុះនៃតម្លៃថាមពល និងអតិផរណា ការដំឡើងប្រាក់ឈ្នួល និងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ បានជួយជំរុញសកម្មភាពសេដ្ឋកិច្ចអឺរ៉ុប នៅត្រីមាសទី១ឆ្នាំនេះ ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចរបស់តំបន់នេះ បានកើនឡើងត្រឹមតែមួយត្រីមាសប៉ុណ្ណោះ។

បណ្តាប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត នៅ​តំបន់អឺរ៉ុប គឺ​ប្រទេសអាល្លឺម៉ង់ និង​បារាំង​ សម្រេចបាន​កំណើនសេដ្ឋកិច្ច ក្នុងរង្វង់០,២% ខណៈ​ប្រទេសអ៊ីតាលី និង​អេស្ប៉ាញ​សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់០,៣% និង០,៧%រៀងគ្នា។

ដោយឡែក បើយោងតាមទិន្នន័យផ្សេងទៀត របស់ទីភ្នាក់ងារ Eurostat បានបង្ហាញថា អតិផរណាទូទៅនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបន្តស្ថិតនៅទ្រឹងត្រឹម២,៤%ក្នុងខែមេសា ខណៈអតិផរណាស្នូល ដែលមិនរាប់បញ្ចូលថាមពល និងអាហារបានធ្លាក់ចុះពី២,៩% មកនៅត្រឹម២,៧% ។

ទោះបីជាសេដ្ឋកិច្ចរបស់តំបន់ចាយប្រាក់អឺរ៉ូ នៅក្នុងត្រីមាសទី១ សម្រេចបានកំណើនខ្ពស់ ជាងការព្យាករណ៍របស់ធនាគារកណ្តាលអឺរ៉ុប(ECB)យ៉ាងណាក្តី ក៏ប៉ុន្តែក្រុមអ្នកវិភាគជឿជាក់ថា ការថយចុះនៃអតិផរណា បានបើកផ្លូវសម្រាប់ការបញ្ចុះ អត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលការណ៍នេះនឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់បន្ថែមទៀត៕ប្រភព: The Guardian ៕

LEAVE A REPLY

Please enter your comment!
Please enter your name here