ថៃគ្រោងបើកការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន២នៅឆ្នាំ២០២៧ ក្រោមទុនវិនិយោគរាប់ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ
បាងកក: ការសិក្សាលទ្ធភាពសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន២ក្នុងប្រទេសថៃ គឺអាកាសយានដ្ឋាន Andaman និងអាកាសយានដ្ឋាន Lanna អាចនឹងបញ្ចប់នៅឆ្នាំនេះ ខណៈការសាងសង់គ្រោងចាប់ផ្តើមនៅឆ្នាំ២០២៧។

ព្រលាន យន្តហោះ ថ្មី ទាំង២នេះ នឹង អាច ផ្ទុក អ្នក ដំណើរ បាន ៤០ លាន នាក់ ក្នុង មួយ ឆ្នាំៗ។ លោក Kirati Kitmanawat នាយកប្រតិបត្តិក្រុមហ៊ុន Airports of Thailand បានថ្លែងថា ការសិក្សាលទ្ធភាពនេះគ្របដណ្តប់លើសក្តានុពលនៃការវិនិយោគ ផលចំណេញសេដ្ឋកិច្ច ប្រាក់ចំណូលផ្នែកហិរញ្ញវត្ថុ និងផលប៉ះពាល់បរិស្ថាន។

លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា “ការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ Andaman នៅក្នុងខេត្ត Phang Nga ភាគខាងត្បូងនៃប្រទេសថៃ នឹងត្រូវចំណាយទុនវិនិយោគអស់ប្រហែល៧៥ពាន់លានបាត(ជាង២ពាន់លានដុល្លារ)”។

ក្រុមហ៊ុន AOT បានកំណត់យកដីទំហំ៦.៥០០រ៉ៃ (១.០៤០ហិកតា) ដែលស្ថិតនៅក្នុងស្រុកKhok Kloi សម្រាប់ស្ថាបនាគម្រោងនេះ ខណៈចំនួនប្រហែល៤០% នៃដីឡូតិ៍ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលរួចទៅហើយ។

ការ សាងសង់ អាកាសយានដ្ឋាន Andaman នឹង ត្រូវ ចំណាយ រយៈពេល ប្រហែល៤ឆ្នាំ កន្លះ ដោយ អាកាសយានដ្ឋាន នេះ ត្រូវ បាន គេ រំពឹង ថា នឹង បើក ដាក់ឱ្យដំណើរការនៅ ឆ្នាំ២០៣២ខាងមុខ។

ចំណែក អាកាសយានដ្ឋានអន្តរជាតិ Lanna នឹងត្រូវសាងសង់នៅលើផ្ទៃដី៦.៥០០រ៉ៃ ស្ថិតក្នុងស្រុក Ban Thi ខេត្ត Lamphun ភាគខាងជើងនៃប្រទេសថៃ ក្នុងតម្លៃទុនវិនិយោគប្រហែល៧២ពាន់លានបាត(ប្រមាណ១,៩៥ពាន់លានដុល្លារ) ខណៈដីភាគច្រើនជាកម្មសិទ្ធិឯកជន។

លោក Kirati បានបន្តថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Lanna ក៏នឹងចាប់ផ្តើមនៅឆ្នាំ២០២៧ផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបញ្ចប់ការសាងសង់នោះទេ។

លោក Kirati បានមានប្រសាសន៍ឱ្យដឹងបន្ថែមថា “គម្រោងព្រលានយន្តហោះទាំងពីរនឹងត្រូវការដើមទុនសរុបប្រហែល១៥០ពាន់លានបាត ដោយយើងបានអញ្ជើញអ្នកវិនិយោគឯកជនឱ្យចូលរួមជាលើកដំបូងក្នុងការបណ្តាក់ទុន”។

Airports of Thailand Public Company Limited (AOT) គឺជាក្រុមហ៊ុនសាធារណៈរបស់រដ្ឋាភិបាលថៃ ដែលគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិចំនួន១០នៅក្នុងប្រទេសមួយនេះ។៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here