ហេតុអ្វីបានជាលោក Warren Buffett មិនបោះទុនវិនិយោគទៅលើមាស ដូចមហាសេដ្ឋីផ្សេងទៀត?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋីកំពូលៗបានបោះទុនវិនិយោគយ៉ាងច្រើនទៅលើការទិញមាស។ ប៉ុន្តែ ខុសប្លែកពីគេ លោក Warren Buffett បែរជាផ្តល់អនុសាសន៍មិនឱ្យវិនិយោគលើមាសទៅវិញ។

បើទោះបីជាតម្លៃហាងឆេងមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានយ៉ាងណាក្តី ប៉ុន្តែ លោក Buffett ដែលជាអ្នកវិនិយោគដ៏ជោគជ័យបំផុតមួយរូប និងជាប្រធានក្រុមហ៊ុន Berkshire Hathaway ហាក់មិនចាប់អារម្មណ៍សោះឡើយចំពោះការវិនិយោគទៅលើលោហៈធាតុដ៏មានតម្លៃមួយនេះ។

តួយ៉ាង នៅក្នុងលិខិតចុះកាលពីឆ្នាំ២០១១ ផ្ញើទៅកាន់ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire Hathaway លោក Buffett បានគូសបញ្ជាក់ថា មាសគឺជាទ្រព្យសម្បត្តិផ្តល់ផលចំណេញ និងផ្តល់ផលិតភាពនៅមានកម្រិត។

មហាសេដ្ឋីរូបនេះបាន លើកឡើងថា “មនុស្សមួយចំនួនបានទិញមាសទុក ដោយ សារតែពួកគេរំពឹង ថា នឹងទទួលបានផលចំណេញពីការលក់បន្តទៅឱ្យអ្នកទិញដទៃផ្សេងទៀតនៅក្នុងតម្លៃខ្ពស់ជាងមុននាពេលអនាគត”។

លោក Buffett បានសង្កត់ធ្ងន់ថា ការវិនិយោគលើភាគហ៊ុន ឬដីដាំដំណាំ នឹងផ្តល់ផលចំណេញច្រើននៃដំណាំ និងភាគលាភច្រើនក្នុងឆ្នាំនេះ។ ចំណែកឯ មាសមួយអោននៅតែជាមាសមួយអោនដដែល។

ខុសផ្ទុយពីលោក Buffett មហាសេដ្ឋីផ្សេងទៀតដូចជាលោក Ray Dalio លោក David Einhorn លោកJohn Paulson និងលោក Jacob Rothschild គឺជាអ្នកបោះទុនវិនិយោគយ៉ាងធំទៅលើទីផ្សារមាស។ នេះបើយោងតាមក្រុមហ៊ុនព័ត៌មានហិរញ្ញវត្ថុ Benzinga ។

ជាពិសេស មូលនិធិ Greenlight Capital បានបង្ហាញសុទិដ្ឋិនិយមចំពោះការវិនិយោគទៅលើមាស ដោយចាត់ទុកមាសគឺជាវត្ថុការពារអតិផរណា។ លោក David Einhorn ដែលជាស្ថាបនិកមូលនិធិនេះ បានលើកឡើងថា “យើងមានមាសច្រើនណាស់ និងថែមទាំងមានរបារដុំមាសទៀតផង។មាសមានសារៈសំខាន់ណាស់សម្រាប់យើង”។

ចំណែក លោកមហាសេដ្ឋី Ray Dalio ដែលជាស្ថាបនិកក្រុមហ៊ុនគ្រប់គ្រងការវិនិយោគអាមេរិក Bridgewater Associates ក៏កំពុងកាន់កាប់មាសផងដែរ ដើម្បីការពារហានិភ័យដែលអាចកើតមានពីការកើនឡើងអតិផរណា និងវិបត្តិបំណុលដែលកំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែត Business Insider ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here