ហ្វីលីពីន និងជប៉ុន ប្រកាសផែនការហេដ្ឋារចនាសម្ព័ន្ធតម្លៃ១,៥ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រសួងហិរញ្ញវត្ថុហ្វីលីពីន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គ្រោងនឹងអនុវត្តន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃទុនវិនិយោគចំនួន១,៥ពាន់លានដុល្លារនៅក្នុងប្រទេសហ្វីលីពីនក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ភាគីហ្វីលីពីន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងធ្វើការដើម្បីឆ្ពោះទៅសម្រេចបាននូវកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីសំខាន់ៗចំនួន៤ នៅក្នុងឆ្នាំនេះ ដោយផ្តោតលើសុវត្ថិភាពដែនសមុទ្រ ការអភិវឌ្ឍន៍ផ្លូវថ្នល់ និងគម្រោងគ្រប់គ្រងហានិភ័យទឹកជំនន់។ជាមួយគ្នានេះ ទីភ្នាក់ងារ JICA ក៏គ្រោងនឹងពង្រីកការគាំទ្ររបស់ខ្លួនឱ្យលើសពីគម្រោងដំបូងៗទាំងនេះ ដើម្បីសម្របតាមអាទិភាពនៃការអភិវឌ្ឍន៍របស់រដ្ឋបាលលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos jr ។ អាទិភាពទាំងនេះរាប់បញ្ចូលទាំងការផ្តល់មូលនិធិដ៏មានសក្តានុពលសម្រាប់វិស័យកសិកម្ម ការអប់រំ និងវិស័យថែទាំសុខភាព។

លើសពីនេះ ទីភ្នាក់ងារ JICA ក៏ប្រកាសបើកចំហផងដែរ ក្នុងការបង្កើនការផ្តល់ប្រាក់កម្ចីផ្អែកលើគោលនយោបាយរបស់ខ្លួន ដល់កម្មវិធីសកម្មភាពបម្រែបម្រួលអាកាសធាតុ (CCAP) ដោយសហការគ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)។

កម្មវិធីនេះមានគោលបំណងជួយដល់ប្រទេសហ្វីលីពីនក្នុងការអនុវត្តន៍គោលនយោបាយជាតិរបស់ខ្លួនស្តីពីបម្រែបម្រួលអាកាសធាតុ និងប្រែក្លាយហ្វីលីពីនទៅជាប្រទេសពឹងផ្អែកលើសេដ្ឋកិច្ច ដែលមានកាបូនទាប។

រដ្ឋាភិបាលហ្វីលីពីនបានស្នើសុំជំនួយពីទីភ្នាក់ងារ JICA ក្នុងការទាក់ទាញការវិនិយោគមកពីវិស័យឯកជន ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់ខ្លួន ស្របពេលដែលហ្វីលីពីនកំពុងឆ្ពោះទៅសម្រេចបានឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់៕ប្រភព:Bilyonaryo៕

LEAVE A REPLY

Please enter your comment!
Please enter your name here