EU ដាក់ចេញគោលនយោបាយទិដ្ឋាការថ្មី ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនជាតិឥណ្ឌា ដែលធ្វើដំណើរទៅកាន់អឺរ៉ុប

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សហភាពអឺរ៉ុប(EU) បានបង្កលក្ខណៈងាយស្រួលសម្រាប់ជនជាតិឥណ្ឌាក្នុងការធ្វើដំណើរទៅកាន់បណ្តាប្រទេសអឺរ៉ុប តាមរយៈច្បាប់ទិដ្ឋាការប្រភេទចេញ-ចូលច្រើនលើក (Multiple-entry) សម្រាប់អ្នកនិយមធ្វើដំណើរញឹកញាប់។

ប្រព័ន្ធថ្មីនេះនឹងអនុញ្ញាតឱ្យប្រជាជនឥណ្ឌាដាក់ពាក្យសុំទិដ្ឋាការចេញ-ចូលច្រើនលើក ក្នុងរយៈពេល២ឆ្នាំ។ ប៉ុន្តែ ប្រជាជនឥណ្ឌា ដែលអាចមានសិទ្ធិក្នុងការដាក់ពាក្យស្នើសុំបាន លុះត្រាតែពួកគេធ្លាប់បានប្រើទិដ្ឋាការរយៈពេលខ្លី(Schengen) ចំនួន២ដង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

ហេតុអ្វីបានជា EU បង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់ជនជាតិឥណ្ឌា?
គ្រោងការណ៍ថ្មីនេះមានគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសឥណ្ឌា ដែលជាដៃគូដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប និងធានាកិច្ចសហប្រតិបត្តិការលើគោលនយោបាយអន្តោប្រវេសន៍រវាងភាគីទាំងពីរ។

លោក Hervé Delphin ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសឥណ្ឌា បានសរសេរនៅលើបណ្តាញសង្គមX ថា “ការធ្វើដំណើរទៅកាន់អឺរ៉ុបមានភាពងាយស្រួល។ សហភាពអឺរ៉ុប បានបោះជំហានមួយទៀតឆ្ពោះទៅរកការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាមួយឥណ្ឌា”។

ទិដ្ឋាការរយៈពេលខ្លី (Schengen) អនុញ្ញាតឱ្យប្រជាជនឥណ្ឌា អាចស្នាក់នៅត្រឹមតែ៩០ថ្ងៃប៉ុណ្ណោះ ក្នុងកំឡុងរយៈពេល១៨០ថ្ងៃណាមួយនៅក្នុងមួយឆ្នាំ នៅបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប ហើយប្រសិនបើពួកគេមានបំណងស្នាក់នៅបន្តចំនួន៩០ថ្ងៃទៀត នោះពួកគេត្រូវតែស្នើសុំទិដ្ឋាការម្តងទៀត។

ដូច្នេះ ការដាក់ឱ្យអនុវត្តន៍ទិដ្ឋាការចេញ-ចូលច្រើនលើក នឹងអនុញ្ញាតឱ្យប្រជាជនឥណ្ឌាអាចស្នាក់នៅ ក្នុងរយៈពេលសរុប១៨០ថ្ងៃ ក្នុងមួយឆ្នាំ ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការម្តងទៀត នៅពេលធ្វើដំណើរចូលមកកាន់បណ្តាប្រទេសសមាជិក EU។

តើជនជាតិឥណ្ឌាអាចទទួលបានទិដ្ឋាការទៅធ្វើការនៅអឺរ៉ុបដោយរបៀបណា?
ទោះយ៉ាងណាក្តី គោលនយោបាយទិដ្ឋាការស្នាក់នៅរយៈពេលខ្លី (Schengen) មិនផ្តល់សិទ្ធិឱ្យជនបរទេសអាចធ្វើការនៅក្នុងបណ្តាប្រទេសសមាជិកEUនោះទេ។

ប៉ុន្តែ ជនបរទេសមានមធ្យោបាយជាច្រើនដើម្បីទទួលបានប័ណ្ណការងារនៅក្នុងសហភាពអឺរ៉ុប។ ជាក់ស្តែង ជនបរទេស ដែលជាអ្នកឯកទេស និងជាអ្នកមានជំនាញទេព្យកោសល្យច្បាស់លាស់ អាចមានសិទ្ធិទទួលបានប័ណ្ណ Blue Card ដែលអនុញ្ញាតឱ្យពលរដ្ឋបរទេស(Non-EU citizens) ដែលមានសមត្ថភាពខ្ពស់អាចរស់នៅ និងធ្វើការនៅក្នុងបណ្តាប្រទេសសមាជិករបស់ខ្លួន លើកលែងតែប្រទេសដាណឺម៉ាក និងប្រទេសអៀរឡង់ប៉ុណ្ណោះ៕ប្រភព: Euronews៕

LEAVE A REPLY

Please enter your comment!
Please enter your name here