ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងបរិស្ថាន បានប្រគល់ផែនទីតំបន់ការពារធម្មជាតិ ទំហំA0 និង A3 ចំនួន១៣២ផ្ទាំង ដល់រដ្ឋបាលខេត្តចំនួន២១ និងស្រុកចំនួន១១១។
ផែនទីនេះ ជាការឆ្លុះបញ្ចាំងពីសមិទ្ធិផលថ្មីមួយទៀត របស់ក្រសួង ក្នុងការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងអនុលោមតាមភាពបៃតង និងចីរភាពនៃយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថានក្នុងបរិបទសុក្រឹតកម្មបរិស្ថានកិច្ច។
-->
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ថា ក្រសួងបរិស្ថានមានការប្តេជ្ញាចិត្តខ្ពស់ និងមានផែនការយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង តាមរយៈការលើកកម្ពស់គោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ ជា “ប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% ត្រឹមឆ្នាំ២០៥០’ ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
លោកបានបន្ថែមថា “ការប្រគល់ផែនទីតំបន់ការពារ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិនាពេលនេះ គឺជាសក្ខីភាពនៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយក្រសួងបរិស្ថានជាអ្នកបង្កើតគោលនយោបាយ និងគាំទ្រដល់ការអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ”៕
