ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញដែលជាប្រតិបត្តិករ ក្នុងវិស័យអចលនទ្រព្យបានលើកឡើងស្រដៀងគ្នាថា ទីផ្សារជួលលំនៅដ្ឋាន ទីតាំងអាជីវកម្មនានា បន្តស្ថិតក្នុងសភាពទ្រឹង ខណៈតម្លៃជួលបន្តធ្លាក់ចុះ។
លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ស្ថានភាពទីផ្សារនៅតែមានការជួលរប៉េះរប៉ោះ ប៉ុន្តែមិនមានសញ្ញាប្រសើរឡើងនៅឡើយទេ ហើយអ្នកជួលនៅតែស្វែងរកទីតាំងជួល ដែលមានតម្លៃទាបជាងទីផ្សារ។
-->
លោកស្រីបន្តថា “ក្នុងស្ថានភាពបែបនេះ ទីតាំងដែលមានភាពអំណោយផលសម្រាប់អាជីវកម្ម មានការចាប់អារម្មណ៍ ប៉ុន្តែអ្នកជួលនៅតែស្វែងរកអចលនទ្រព្យ ដែលមានតម្លៃក្រោមទីផ្សា”។
លោកស្រីតាំង ហួរបានបន្តថា យ៉ាងណាស្ថានភាពនៅដើមត្រីមាសទី២នេះ អ្វីៗមានសញ្ញាប្រសើរខ្លះៗ ធៀបនឹងចុងឆ្នាំ២០២៣កន្លងមកនេះ ហើយយើងសង្ឃឹមអ្វីៗនឹងកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្របពេលសេដ្ឋកិច្ចនៅមិនទាន់មានភាពអំណោយផល ទីផ្សារជួលនៅតែស្ថិតក្នុងសញ្ញាមិនច្បាស់លាស់។
លោកបន្តថា “ទីតាំងជួលជាការកំណតទីផ្សារ ហើយតម្លៃជួលក៏ស្ថិតក្រោមសម្ពាធរបស់អ្នកស្វែងរកទីតាំងផងដែរ”។ លោកបន្តថា “បច្ចុប្បន្ន អ្នកស្វែងរកទីតាំងជួលមានជម្រើសច្រើន ដោយសារអចលនទ្រព្យ ដែលបានដាក់ចូលទីផ្សារកាន់តែច្រើន បានដាក់ចូលទីផ្សារ”។
លោកបានបន្តទៀតថា សម្រាប់តម្លៃជួលនាពេលបច្ចុប្បន្ននេះ ទីផ្សារបច្ចុប្បន្ន មិនទាន់អំណោយផលដល់អចលនទ្រព្យ ដែលមានតម្លៃខ្ពស់ៗនៅឡើយ៕