គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ

0

ដោយៈ គង់ ហ្វីអូណា

        កំពតៈ បើគ្មានការប្រែប្រួលទេ គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកខាន់ ម៉ាណេរ បានអោយដឹងថា តាមការគ្រោងទុក ការងារនឹងបញ្ចប់ក្នុងដំណាច់ខែមិថុនាឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច អាចនឹងរៀបចំបែបបទប្រគល់ ទទួលបញ្ចប់គម្រោងបណ្ដោះអាសន្ន នៅចុងខែសីហា ឆ្នាំ២០២៤នេះ ពោលគឺមានន័យថាបញ្ចប់មុនកិច្ចសន្យារយៈពេល១ឆ្នាំ។

មន្ត្រីបច្ចេកទេសពាក់ព័ន្ធ ភាគីក្រុមហ៊ុនសាងសង់ CRBC ព្រមទាំងក្រុមហ៊ុន ត្រួតពិនិត្យលក្ខណ:បច្ចេកទេស WACC តែងយកចិត្តទុកដាក់ និងពិនិត្យជាក់ស្តែងលើវឌ្ឍនភាពការងារ ដូចជា ការកាយដីសម្អាតពង្រីកផ្លូវមុខបន្ថែម ក្រោមស្ពានផ្លូវវាងផ្សារបន្ទាយមាសត្រង់គីឡូម៉ែត្រលេខ 35+750 ដាក់លូបង្ហូរទឹកកាត់ផ្លូវតភ្ជាប់ទល់ខ្លោងទ្វារវត្តស្រែរនោង និងបន្ថែមដែកក្បាំងguard rail ការពារលូប្រអប់ ដោយលទ្ធផលការងារគម្រោង ជារួមគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤សម្រេចបាន៧៨,៤៣%ហើយ។

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) បានលេចចេញវឌ្ឍនភាពជាមោទកភាព។

ទន្ទឹមនឹងនោះ ការចុះពិនិត្យជាប្រចាំ តែងបានធ្វើឡើងដើម្បីដានការងារបច្ចេកទេសសាងសង់ របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្ត ទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here