ដោយ: គង់ លាងហួរ
អន្តរជាតិ: រថភ្លើងដឹកទំនិញដំបូងបង្អស់ចិន-ឡាវ-ថៃ-ម៉ាឡេស៊ី បានចេញដំណើរពីទីក្រុង Chengdu ក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិនកាលពីពេលថ្មីៗនេះ ដែលជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ការតភ្ជាប់នៅក្នុងតំបន់។
រថភ្លើងនេះបានដឹកកុងតឺន័រផ្ទុកម៉ូនីទ័រ LCD ចំនួន៣០ និងរថយន្តថាមពលថ្មី ដោយធ្វើដំណើរតាមបណ្តោយខ្សែរថភ្លើងចិន-ឡាវ។ បន្ទាប់មក រថភ្លើងនេះធ្វើដំណើរតាមរយៈបណ្តាញផ្លូវដែកតភ្ជាប់រវាងប្រទេសឡាវ និងថៃ មុនពេលចូលទៅដល់ប្រទេសម៉ាឡេស៊ី។
រថភ្លើងនេះត្រូវចំណាយពេល៥ថ្ងៃដើម្បីធ្វើដំណើរទៅដល់ប្រទេសថៃ និងចំណាយពេល៨ថ្ងៃទើបទៅដល់ប្រទេសម៉ាឡេស៊ី ដោយកាត់បន្ថយពេលវេលាដឹកជញ្ជូនចំនួនពាក់កណ្តាល បើប្រៀបធៀបទៅនឹងផ្លូវសមុទ្រពីទីក្រុង Qinzhou នៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន។