កម្ពុជាអាចទទួលបានផលចំណេញ៨៨លានដុល្លារពីគំរោង ព្រែកជីកហ្វូណនតេជោ

0

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា​រំពឹង​ថា ​នឹង​ចំណេញ​ថ្លៃ​ដឹកជញ្ជូន​បាន​ប្រមាណ​​៨​៨​​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​ពី​ការ​​​ដឹកជញ្ជូន​តាម​ព្រែកជីក​ហ្វូណន​-តេជោ ​នៅ​ឆ្នាំ​២​០​៥​០​ ​និង​ឈាន​ដល់​​៥​៧​០​ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅ​ពេល​បន្ត​ទៅមុខ​ទៀត​។​

លោក​​ស៊ុន​ ​ចាន់​ថុល​ ​ឧបនាយករដ្ឋមន្ត្រី​ ​អនុប្រធាន​ទី​១​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​បាន​លើកឡើង​បែប​នេះ​ ​ក្នុង​អំឡុង​ពេល​ធ្វើ​បាឋកថា​ស្តីពី​ គម្រោង​ព្រែកជីក​ហ្វូណន​-តេជោ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ ​និង​ផែនការ​ ​រួម​ទាំង​សមិទ្ធផល​សំខាន់​ៗ​របស់​រាជ​ ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​។​

លោក​បាន​បញ្ជាក់​ថា​ ​ផ្អែកលើ​ការ​គណនា​​E​I​RR ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ​ដូចជា ​អត្រា​ការងារ​ ​ចំណូល​ថវិកាជាតិ​បាន​មកពី​ពន្ធ​ ​ន​គ​រូប​នី​យ​កម្ម​ ​សំណង់​ ​និង​អចល​ន​ទ្រព្យ​។​

ទន្ទឹម​នឹង​នេះ​ ​លោក​បាន​គូស​បញ្ជាក់​បន្ថែម ​អំពី​លទ្ធភាព​ហិរញ្ញវត្ថុ​ នៃ​គម្រោង​ព្រែកជីក​ហ្វូណន​-តេជោ​ផង​ដែរ​។​ ​លោក​បាន​ចង្អុលបង្ហាញ​ថា​ ​សម្រាប់​គម្រោង​ទាំងអស់​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ពិភពលោក ​គ្រាន់តែ​ផ្តល់​មូលនិធិ​តែប៉ុណ្ណោះ​ ​ប្រសិនបើ​ការ​គណនា​ ​E​I​RR ​មាន​យ៉ាងហោចណាស់​១​២​% ​។​ ​

ទោះ​យ៉ាងណាក៏ដោយ​ ​សម្រាប់​គម្រោង​នេះ​​E​I​RR ​គឺ​មាន​ប្រមា​ណ​​៣​០​% ​ដែល​នេះ​មិនធ្លាប់​មាន​ពីមុន​មក​ ​ដែល​ជា​សក្ខីភាព​ចំពោះ​ទស្សនវិស័យ​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​របស់​វា​។​

លោក​ក៏បាន​លើកឡើង ​ពី​អត្ថប្រយោជន៍​បន្ថែម ​ដែល​នឹង​ទទួល​បាន​ពី​គម្រោង​ព្រែកជីក​ហ្វូណន​-តេជោ ​រួម​មាន​ ​ការ​បង្កើត​តំបន់​ពាណិ​ជ្ជកម្ម​ ​និង​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ ​ការ​អភិវឌ្ឍន៍​ផ្កាយរណប​ថ្មី​ ​ការពង្រីក​តំបន់​អភិវឌ្ឍន៍​សម្រាប់​កសិកម្ម​ ​ប្រព័ន្ធ​ធារា​សា​ស្រ្ត ​វា​រី​វប្បកម្ម​ ​និង​ការ​ចិញ្ចឹមសត្វ​ ​និង​ការ​អភិវឌ្ឍន៍​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​បួន​របស់​កម្ពុជា​។​

​អត្ថប្រយោជន៍​ដ៏​ទូលំទូលាយ​ទាំងនេះ​ បញ្ជាក់​ពី​សក្តានុពល​របស់​គម្រោង ​ក្នុង​ការ​ប្រែក្លាយ​សេដ្ឋកិច្ច​កម្ពុជា​ អោយ​ឈាន​ដល់ក​ម្រិ​ត​ខ្ពស់​មួយផ្សេងទៀត​។​

គម្រោង​ព្រែកជីក​ហ្វូណន​-តេជោ ​គឺជា​គម្រោង​តភ្ជាប់​ផ្លូវទឹក​រវាង​ទន្លេ​ទៅកាន់​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ ​ដែល​មាន​ប្រវែង​ប្រហែល​១​៨​០​ ​គីឡូម៉ែត្រ​ដោយ​ឆ្លងកាត់​ខេត្ត​កណ្តាល​ ​តាកែវ​ ​កំពត​ ​និង​កែប​។​ ​គម្រោង​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចំណាយ​ថវិកា​រ​អស់​ប្រហែល​      ១​៧​០​០​ លាន​ដុល្លារ​ ​ហើយ​ត្រូវ​បាន​សិក្សា​គម្រោង​ល្អិតល្អន់​រួចហើយ​ ​ដោយ​ប្រើ​រយៈពេល​ប្រមាណ​២​៦​ខែ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here