ដោយៈ គង់ ហ្វីអូណា
ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានថ្លែងថា គិតមកត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបានសំណើដែលក្រុមការងារ កម្មវិធីពិសេសជំរុញការវិនិយោគឆ្នាំ២០២៤ សរុបមានចំនួន៤៤គម្រោង។
គម្រោងវិនិយោគនេះ ធ្វើឡើងក្រោយពីអនុវត្តន៍តាមគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ដោយសម្រេចសម្រួលនីតិវិធី បែបបទ និងកាត់បន្ថយរយៈពេលនៃការស្នើសុំ និងផ្តល់លិខិតសម្រាប់ដំណើរការសាងសង់ក្នុងខេត្តព្រះសីហនុ។
-->
លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា សំណើដែលក្រុមការងារកម្មវិធីពិសេសជំរុញការវិនិយោគឆ្នាំ២០២៤ ទទួលបានសរុប៤៤ គម្រោងរួមមាន គម្រោងដែលទទួលបាន “លិខិតឆ្លើយតបជាផ្លូវការ” ចំនួន ១៣គម្រោង, គម្រោងដែលបានឆ្លងកាត់ការប្រជុំពិភាក្សា (ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤) និងទទួលបាន “ការឯកភាពជាគោលការណ៍”ចំនួន១៤គម្រោង។
គម្រោងដែលបានដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពចំនួន១គម្រោង, គម្រោងដែលនឹងត្រូវចុះពិនិត្យ១៦គម្រោង ដែលក្នុងនោះ៣គម្រោងបានពិនិត្យម្តងហើយ តែត្រូវចុះពិនិត្យ និងវាយតម្លៃម្តងទៀត។
តាមរយៈការអនុវត្តកម្មវិធីពិសេសនេះ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់មន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យ និង បញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម គម្រោងប្លង់គ្រឿងផ្តុំសំណង់ ការងារសំណង់ និង ការងារត្រួតពិនិត្យគុណភាព និងសុវត្តិភាពសំណង់ ក្នុងករណីម្ចាស់សំណង់គ្មានលិខិត ឬរបាយការណ៍បញ្ជាក់ពីក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខ ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ច ពិភពលោក និង តំបន់កំពុងតែបន្តប្រឈមនិងភាពមិនប្រាកដប្រជាខ្ពស់៕