ក្រុមហ៊ុនចំនួន២គ្រោងពង្រីករោងចក្រកែច្នៃដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន២ បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាលើផែនការពង្រីកនិងនាំចេញដំណាប់ស្វាយចូលទៅកាន់ីផ្សារចិន អាមេរិក និងអឺរ៉ុប។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីបច្ចុប្បន្នភាព នៃការកែច្នៃនិងការនាំចេញផលិតផលកសិផលកម្ពុជា និងស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈ នៃការយោគយល់គ្នាលើការទិញ -លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។

លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ ដែលបានចូលជួបពិភា​ក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាព នៃដំណើរការផលិត​កម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពល ក្នុងនាំចេញផលិតផលកសិផល និងជាពិសេសដំណា​ប់ស្វាយ ចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្ម របស់រោងចក្រកែច្នៃផ្លែឈើ និងផលិត​ផលកសិផលខាងលើ ដែលនេះជាការចូលរួមចំណែកមួយជាមួយរដ្ឋាភិបាលក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារ សម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោកជំទាវរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ក៏ដូចជា ចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្តនិងយន្តការគាំទ្រផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ សំដៅលើកកម្ពស់សមត្ថភាពក្នុងការផលិតនិងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។

ក្នុងឱកាសនោះ  លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ សំដៅជំរុញការនាំចេញ បង្កើនចំណែកទីផ្សារ និងកិត្យានុភាពរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here