តើផ្ទះTownhouse និងផ្ទះវីឡានៅទីក្រុងហូជីម៉ិញមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃជាមធ្យមនៃផ្ទះ Townhouse និងផ្ទះវីឡានៅទីក្រុងហូជីម៉ិញ បានកើនឡើង៦,៤% ធៀបនឹងចុងឆ្នាំ២០២៣ ដល់៤០៧លានដុង (១៦.០៦០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េកាលពីត្រីមាសទី១កន្លងទៅ។

យោងតាមទីភ្នាក់ងារអចលនទ្រព្យ Avison Young Vietnam បានឱ្យដឹងថា នៅលើទីផ្សារដំបូង(Primary market) ផ្ទះ Townhouse ភាគច្រើនត្រូវបានចុះបញ្ជី ក្នុងតម្លៃ១៩០ ទៅ២១៥លានដុង (៧.៥០០ទៅ៨.៥០០ដុល្លារ) ក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី១ កើនឡើង២% ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។

ផ្ទះវីឡា និងផ្ទះTownhouse ថ្មីៗភាគច្រើន ដែលបានបើកដំណើរការលក់នៅក្នុងត្រីមាសទី១ មានទីតាំងនៅតំបន់ Thu Duc ហើយមានតម្លៃជាង៣០ពាន់លានដុង ក្នុងមួយយូនីត។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills ។

យោងតាមក្រសួង​សំណង់​វៀតណាម បាន​កត់​សម្គាល់​ថា ផ្ទះវីឡា និងផ្ទះTownhouse ដែលស្ថិតនៅក្នុងគម្រោង​មួយ​ចំនួន ​នៅ​លើផ្លូវ Dien Bien Phu ក្នុង​សង្កាត់ Binh Thanh ទីក្រុងហូជីមិញ មានតម្លៃ​លើស​ពី៤០០ លាន​ដុង​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

លោក Nguyen Loc Hanh នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Ngoc Chau A បានលើកឡើងថា តម្លៃផ្ទះ​Townhouse និងវីឡាបានកើនឡើង ដោយសារតែការផ្គត់ផ្គង់នៅមានកម្រិត។ លោក​បន្ត​ថា ផ្ទះ​វីឡា​មួយចំនួនក្នុង​តំបន់ Thu Duc មាន​តម្លៃ​ជាង៧០០ពាន់​លាន​ដុង​ក្នុងមួយយូនីត។

លោកបានពន្យល់ថា ការណ៍នេះបណ្តាលឱ្យអ្នកអភិវឌ្ឍន៍ ដែលមានផ្ទះវីឡាស្រាប់នៅក្នុងស្តុក នៅតំបន់ក្បែរនោះ ដំឡើងថ្លៃផងដែរ ដែលបណ្តាលឱ្យតម្លៃជាមធ្យម នៅក្នុងទីក្រុងមានការកើនឡើង។

លោកបញ្ជាក់បន្ថែមថា តម្លៃផ្ទះ Townhouse ដែលស្ថិតក្នុងគម្រោងមួយនៅជិតទីក្រុង Thu Duc បានកើនឡើងពី១៥ ទៅ១៧ពាន់លានដុង ក្នុងមួយយូនីតនៅដើមឆ្នាំនេះ ដល់២០ ទៅ២៥ពាន់លានដុងនៅចុងត្រីមាសទីមួយ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here