ក្រុមហ៊ុនធំមួយដាក់ចេញផែនការប្រែក្លាយ “ឆ្នេរកោះស្នេហ៍”នៅ ខេត្តកោះកុងទៅជាតំបន់ទេសចរណ៍ដ៏រសរវើក

0

ដោយៈ គង់ សូរិយា

        កោះកុងៈ អគ្គនាយកក្រុមហ៊ុនវិរៈប៊ុនថាំ អ្នកឧកញ៉ាសួរ វីវៈបានដាក់ចេញផែនការប្រែក្លាយ “ឆ្នេរកោះស្នេហ៍ “នៅខេត្តកោះកុង ទៅជាតំបន់ទេសចរណ៍ដ៏រសរវើកនាពេលអនាគត។

អ្នកឧកញ៉ា សួរ វីរៈ បានប្រកាសដាក់ចេញផែនការប្រែក្លាយតំបន់ឆ្នេរសមុទ្រក្រុងខេមរភូមិន្ទ (ឆ្នេរកោះស្នេហ៍) ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមរយៈការេអភិវឌ្ឍន៍ ឱ្យទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ដ៏មានប្រជាប្រិយភាពមួយ។

ផែនការនេះ ត្រូវបានរដ្ឋបាលខេត្តកោះកុង បានប្រកាសគាំទ្រនៅក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសំណើ សុំសិទ្ធិវិនិយោគ និងអភិវឌ្ឍក្នុងតំបន់ឆ្នេរសមុទ្រ (ឆ្នេរកោះស្នេហ៍) ខាងលើនេះ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។

តាមរយៈគម្រោងស្នើសុំ វិនិយោគតំបន់ឆ្នេរសមុទ្រនេះ អ្នកឧកញ៉ា សួរ វិរៈ បានបង្ហាញពីទស្សនៈ ប្រែក្លាយតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទ ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រ ដ៏មានប្រជាប្រិយភាពមួយរបស់ខេត្តកោះកុង គួបផ្សំនឹងការអភិវឌ្ឍរីស៊ត សួនកម្សាន្តតាមបណ្តោយឆ្នេរ កន្លែងលេងទឹក កំពង់ផែទេសចរណ៍ និងកន្លែងកម្សាន្តជាច្រើនទៀត។

លោក អ៊ុក ភក្រ្តា អភិបាលរងខេត្តកោះកុង បានគាំទ្រលើគម្រោងវិនិយោគអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទនេះ ព្រោះកន្លងមកក្រុងខេមរភូមិន្ទ មានតែឆ្នេរសមុទ្រមួយកន្លែងនេះទេ ហើយក៏មិនទាន់បានរៀបចំបានល្អប្រសើនោះដែរ។

លោកបន្ថែមថា “ការស្នើវិនិយោគគម្រោងនេះ គឺពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជួយក្រុងខេមរភូមិន្ទ ឱ្យមានកន្លែងកម្សាន្តថ្មី ដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើន”។

លោកបន្តថា នៅពេលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនារួចរាល់ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ភ្ញៀវទេសចរនឹងមកកម្សាន្តខេត្តកោះកុង ពិសេសក្រុងខេមរភូមិន្ទនេះកាន់តែច្រើន។

លោកអ៊ុក ភត្រាបានបន្តថា ការស្នើសុំវិនិយោគនេះ គឺត្រូវអនុវត្តឱ្យស្របនីតិវិធីច្បាប់ ត្រូវការការៀបចំក្រុមការងារចុះសិក្សាទីតាំង និងត្រូវស្នើសុំគោលការណ៍ អនុញ្ញាតលើការជួលទីតាំងដី ពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវរៀបចំផែនកា​រមេប្រើប្រាស់ដី និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ ឱ្យបានច្បាស់លាស់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here