ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ត្រៀមជួយកម្ពុជាក្នុងការជំរុញ វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្វែងរកកិច្ចសហការពីក្រុមហ៊ុន Huawei Technologies ដើម្បីជំរុញគំនិតផ្តួចផ្តើម វិស័យទេសចរណ៍ឌីជីថលនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។

លោករដ្ឋមន្ត្រីបានជួបជាមួយលោក Tao Guangyao នាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd. នៅថ្ងៃច័ន្ទ ទី៦ ខែឧសភា ដោយលោកបានបង្ហាញពីចក្ខុវិស័យ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង សហការគ្នារវាងក្រសួង និងក្រុមហ៊ុន Huawei ជាពិសេសក្នុងការជំរុញ គំនិតផ្តួចផ្តើមទេសចរណ៍ឌីជីថល។

ជាការឆ្លើយតប លោក Tao Guangyao បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្ម របស់ក្រសួងទេសចរណ៍ និងបានប្តេជ្ញាចិត្តចូលរួមគាំទ្រយ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

វិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ៗទាំង៤ ដែលជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច របស់ប្រទេ សកម្ពុជា។

យោងតាមរបាយការណ៍ថ្មី ចុងក្រោយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរណ៍ អន្តរជាតិសរុបចំនួន១,៥៨លាននាក់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើង២២,៥ភាគរយ បើធៀបនឹងចំនួន១,២៩លាននាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

ប្រទេសកម្ពុជាមានភាពល្បីល្បាញខ្លាំង ដោយសារតំបន់បេតិក ភណ្ឌពិភពលោកចំនួន៤ រួមមាន ឧទ្យានបុរាណវិទ្យាអង្គរនៅភាគពាយព្យខេត្តសៀមរាប តំបន់ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ព្រមទាំងប្រាសាទព្រះវិហារ និងឧទ្យានបុរាណវត្ថុកោះកេរ នៅភាគពាយ័ព្យនៃខេត្តព្រះវិហារ។

ក្រៅ​ពី​នេះ​ ប្រទេសកម្ពុជាមាន​ឆ្នេរ​សមុទ្រ ដ៏​ស្រស់ស្អាត​មួយ​ ដែល​លាតសន្ធឹង​ ប្រវែង​ប្រហែល៤៥០គីឡូម៉ែត្រ​ ក្នុង​ខេត្ត​ភាគ​និរតី​ចំនួន៤ គឺ​ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តកែប និង​ខេត្តកោះកុង៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here