កម្ពុជាទាក់ទាញបានលំហូរFDIក្នុងទំហំទឹកប្រាក់៣០៩លានដុល្លារក្នុងខែមេសា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេ​សកម្ពុជា បានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ក្នុងទំហំទឹកប្រាក់ចំនួន៣០៩លានដុល្លារអាមេរិកនៅក្នុងខែមេសា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាន បញ្ជាក់ឱ្យដឹងថា ខ្លួនបា​នអនុម័តគម្រោងវិនិយោគចំនួន២២គម្រោង នៅក្នុងខែមេសា ដែលអាចបង្កើតការងារ បានប្រហែល២៣.០០០កន្លែងជូនប្រជាជន។

ប្រភពខាងលើបានបន្តថា គម្រោងវិនិយោគថ្មីទាំងនោះ ផ្តោតលើជាសំខាន់ទៅលើ វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ព្រមទាំងការផលិតសំបកកង់រថយន្ត និងគ្រឿងបន្លាស់រថយន្ត ក្នុងចំណោមគម្រោងជាច្រើនផ្សេងៗទៀត។CDC បានគូសបញ្ជាក់ថា “ចំនួនប្រមាណ៩៨,០២ភាគរយ នៃលំហូរដើមទុនវិនិយោគសរុប នៅក្នុងខែមេសា ឆ្នាំ២០២៤ គឺមានប្រភពមកពីប្រទេសចិន។ ចំនួន១,០៣% មកពីប្រភពក្នុងស្រុក និងចំនួន០,៩៥% មកពីប្រទេសឥណ្ឌា”។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដដែលបានឱ្យដឹងទៀតថា ក្នុងអំឡុងខែមករា រហូតដល់ខែមេសា ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគ ទ្រព្យសកម្មថេរសរុប ក្នុងទំហំទឹកប្រាក់ប្រហែ​ល២,៥ពាន់លានដុល្លារអាមេរិក។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងច្បាប់ថ្មីរបស់កម្ពុជាស្តីពីការវិនិយោគ គឺជាកត្តាគន្លឹះក្នុងការទាក់ទាញ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកាន់ប្រទេសកម្ពុជា”។

លោកបានប្រាប់សារពត៌មាន Xinhua ថា “ទាំងកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង CCFTA គឺជាមេដែកស្រូបទាញអ្នកវិនិយោ​គបរទេសចូលមកកាន់កម្ពុជា”។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមថា “លំហូរ FDI ជាពិសេសមកពីប្រទេសចិន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា”៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here