ខេត្តព្រះសីហនុកំពុងឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ

0

        ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ បានចាត់ទុកខេត្តព្រះសីហនុ កំពុងឈានមុខគេ ក្នុងការ​ទ្រទ្រង់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុងតំបន់ និងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា។

ខេត្តនេះបាននិងកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវ​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយជាអាទិភាពចំនួន៦ចំណុច និង​វិធានការ​គន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងនាម​ជា​ខេត្ត​កំពុង​ឈាន​មុខ​លើ​វិស័យសេដ្ឋកិច្ច នៃតំបន់ឆ្នេរនេះ ខេត្តព្រះសីហនុគួររៀបចំក្រុង ឱ្យមាន​លក្ខណៈ​ស្តង់ដា​រួម​មួយ ដោយគិតគូរអំពីលំហសាធារណៈ ដោយមានផ្លូវថ្មើរជើង សម្រាប់​ប្រជាព​លរដ្ឋ​ហាត់​ប្រាណ​ ដើម្បី​សុខភាព មានដើមឈើ មានភាពបៃតងនោះ នាពេលខាងមុខ​ ទីក្រុង​នឹង​មាន​សោភ័ណ​ភាព​កាន់​តែ​ស្រស់ស្អាត ទាក់ទាញ ផ្តល់នូវផាសុកភាព និងងាយស្រួលក្នុងការរស់នៅ។

លោកសាយ សំអាល់ ក៏បានជំរុញអាជ្ញាធរខេត្ត ឱ្យគិតគូរយកចិត្តទុកដាក់ ក្នុងការ​ថែ​រក្សា​សន្តិសុខ និងសុវត្ថិភាពឱ្យកាន់តែប្រសើរឡើង សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និង​អន្តរជាតិដែលមកកំសាន្ត ឬមកបណ្ដាក់ទុនវិនិយោគ ក្នុងខេត្តព្រះសីហនុ ជាមួ​យ​នឹង​ការ​ខិតខំ​ពន្លឿន​ការ​ចុះបញ្ជីដីធ្លីជាប្រព័ន្ធ។

គោលនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាលរួមមានទី១ ការពង្រីក​សេវា​ថែ​ទាំ​សុខភាព ទី២ ការបណ្តុះបណ្តាលជំនា​ញវិជ្ជាជីវៈ និងបច្ចេកទេស ទី៣ ការធ្វើ​ស្ថាបនូបនីយកម្ម​កម្មវិធីជាតិជំនួយសង្គម, ទី៤ ការដាក់ចេញយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍ​សេដ្ឋកិច្ច​​ក្រៅប្រព័ន្ធ, ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅ​លើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និងទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមាន​សកម្ម​ភាព​កសិ​កម្ម​នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here