ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារទំនើបតូចៗនៅប្រទេសឥណ្ឌា កំពុងប្រែក្លាយជាទីផ្សារខ្មោច ព្រោះមានសភាពស្ងាត់ជ្រងំ ខណៈអ្នកប្រើប្រាស់ងាកទៅទិញទំនិញតាមអ៊ីនធឺណិត និងមជ្ឈមណ្ឌលលក់ទំនិញធំៗ ដើម្បីទទួ លបានបទពិសោធដ៏ល្អប្រសើរ។
ផ្សារទំនើបទាំងឡាយណា ដែលមានអត្រាទីតាំងលក់រាយ ដែ លគេទុកទំនេរចោលលើសពី៤០ភាគរយ ត្រូវបានគេហៅថាជា ផ្សារទំនើបខ្មោច“Ghost malls”។
យោងតាមរបាយការណ៍ថ្មីចុងក្រោយ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank India បានបង្ហាញថា ចំនួនផ្សារទំនើបខ្មោចនៅប្រទេស ដែលមានប្រជាជនច្រើនជាងគេ នៅលើពិភពលោកមួយនេះ បានកើនឡើងដល់៦៤ទីតាំង ក្នុងឆ្នាំ២០២៣ បើធៀបនឹង៥៧ទីតាំងក្នុងឆ្នាំ២០២២។
ស្របពេលជាមួយគ្នានេះ ផ្ទៃក្រឡាសម្រាប់ជួល(Gross Leasable Area) នៅផ្សារទំនើបទាំងអស់ នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣ បានកើនឡើងក្នុងអត្រា២៣៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២។
ក្រុមអ្នកវិភាគឧស្សាហកម្មបានលើកឡើងថា ការណ៍នេះឆ្លុះបញ្ចាំងពីការថយចុះ នៃតម្រូវការអ្នកប្រើប្រាស់ ហើយអាចនាំឱ្យមានការបាត់បង់ការងារ និងផលវិបាកផ្នែកសេដ្ឋកិច្ច ជាពិសេសសម្រាប់អ្នកលក់រាយខ្នាតតូច និងអ្នកផ្តល់សេវាកម្ម។
ការប្រើប្រាស់ឯកជន ដែលមានចំណែកស្មើនឹង៦០% នៃផលទុនជាតិសរុប (GDP) របស់ប្រទេសឥណ្ឌា នៅតែមានកម្រិតទាប ដោយកើនឡើងត្រឹមតែ៣,៥%ប៉ុណ្ណោះ ក្នុងត្រីមាសទី៤ ឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈដែលសេដ្ឋកិច្ចបានកើនឡើង៨,៤%។
បន្ទាប់ពីចេញផ្សាយរបាយការណ៍ “Think India Think Retail ” ឆ្នាំ២០២៤ ដោយផ្អែកលើការស្ទង់មតិ លើទីក្រុងកំពូលចំនួន២៩ លោក Gulam Zia នាយកក្រុមហ៊ុន Knight Frank ប្រចាំប្រទេសឥណ្ឌា បានលើកឡើងថា ផ្សារទំនើបតូចៗជាច្រើន កំពុងប្រឈមមុខនឹងការបិទទ្វារ៕ប្រភព: Reuters៕