ដោយ: គង់ លាងហួរ
បាងកក: លោក Lavaron Sangsnit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុថៃ បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសថៃបានចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែម (VAT) ក្នុងអត្រា៧ភាគរយលើទំនិញនាំចូលទាំងអស់ ដោយមិនបែងចែកពីតម្លៃ ចាប់ពីខែឧសភានេះតទៅ។
កាលពីពេលកន្លងទៅ ប្រទេសថៃបានអនុវត្តន៍គោលនយោ បា យលើកលែងពន្ធនាំចូល និងអាករលើតម្លៃបន្ថែម សម្រាប់ទំនិញនាំចូលនីមួយៗ ដែលមានតម្លៃតិចជាង៤០,៥ដុល្លារ។
ទោះជាយ៉ាងនេះក្តី លំហូរទំនិញថោកៗពីប្រទេសចិន ចូលទៅកាន់ទីផ្សារថៃនាពេលថ្មីៗនេះ បានបង្កើតផលចំណេញមិនស្មើភាពគ្នា ដោយសារក្រុមហ៊ុនផលិតក្នុងស្រុក នៅតែត្រូវបង់ពន្ធ។ ដូច្នេះ ប្រទេសថៃ បានសម្រេចចិត្តដាក់ពន្ធតម្លៃបន្ថែម លើទំនិញនាំចូលគ្រប់ប្រភេទចំនួន៧ភាគរយ ចាប់ពីខែឧសភានេះតទៅ ដើម្បីធានាបាននូវការធ្វើពាណិជ្ជកម្មដោយស្មើភាពគ្នា។
ទាក់ទិនទៅនឹងបញ្ហានេះ លោក Lavaron Sangsnit បានបញ្ជាក់ថា នាយកដ្ឋានគយនឹងគ្រប់គ្រង ការប្រមូលពន្ធលើតម្លៃបន្ថែមក្នុងដំណាក់កាលដំបូង។ ចំណែកក្នុងរយៈពេលវែង ក្រសួងហិរញ្ញវត្ថុថៃ នឹងធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ នឹងពន្ធលើតម្លៃបន្ថែម ដើម្បីអនុញ្ញាតឱ្យនាយកដ្ឋានពន្ធដារអាចប្រមូលដោយផ្ទាល់។
ជារៀងរាល់ឆ្នាំ ទំនិញដែលនាំចូលទៅកាន់ប្រទេសថៃ មានចំនួ នជាង៣០លានកញ្ចប់ ដោយក្នុងនោះ ទំនិញជាងពាក់កណ្តាល គឺជាទំនិញថោកៗ ដែលមានតម្លៃមិនលើសពី៤០,៥ដុល្លារ ដែលការណ៍នេះ កំពុងជះផលប៉ះពាល់ដល់ការផលិតនៅក្នុងស្រុក។
ឆ្លើយតបនឹងចំណាត់ការនេះ ក្រុមសេដ្ឋវិទូថៃលើកឡើងថា វិធានការថ្មីរបស់រដ្ឋាភិបាលថៃ នឹងធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រ ជែងនៃអាជីវកម្មក្នុងស្រុក និងគ្រប់គ្រងលំហូរទំនិញចិនថោកៗ ដែលលក់ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា វេទិកា Lazada ឬ វេទិកា Shopeeជាដើម។
កាលពីខែកុម្ភៈកន្លងទៅ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ធ្លាប់បានស្នើឱ្យនាយកដ្ឋានពន្ធដារ និងនាយកដ្ឋានគយបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់លំហូរទំនិញថោកៗ ពីប្រទេសចិនចូលទៅកាន់ទីផ្សារក្នុងស្រុក ដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុនផលិតកម្មក្នុងស្រុក៕ ប្រភព: Bangkok Post៕






