សម្តេចតេជោជំរុញឱ្យកាតាបើកស្ថានទូតនៅកម្ពុជា និងបើកការហោះហើរត្រង់ឡើងវិញ

0

ដោយៈគង់ សូរិយា

        ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញឱ្យប្រទេស​កាតាបើកស្ថានទូតនៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាតាឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្រៅតែពីការស្នើឱ្យបើកស្ថានទូត សម្តេចតេជោ ក៏បានស្នើឱ្យបើកឡើងវិញនូវការហោះហើរត្រង់រវាងកាតា និងកម្ពុជា ហើយក៏បានស្នើពិនិត្យលទ្ធភាព ជំរុញការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ឬបង្កើតរោងម៉ាស៊ីនកិនស្រូវ ផលិតជាអង្ករនាំទៅប្រទេសកាតាផងដែរ។

សម្តេចតេជោហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក ខាលីត អាលី អាប់ឌុលឡា អាបែល (Khalid Ali Abdullah Abel) ឯកអគ្គរាជទូត​ប្រទេសកាតា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ​វិមាន​ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។

បន្ទាប់ពីកិច្ចស្វាគមន៍សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅលោកឯកអគ្គរាជទូត​ថា ប្រទេសកាតា មានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាងមាន​និវេស​ដ្ឋាននៅប្រទេសផ្សេង។ សម្តេចតេជោក៏បានរំលឹកដែរថា នៅពេល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី សម្តេច ពុំមានពេលគ្រប់គ្រាន់ ទទួលទូតមាននិវេសដ្ឋាននៅក្រៅ​ប្រទេស​នោះទេ តែសម្រាប់កាតាជាករណីពិសេស។

សម្ដេចតេជោ បានរំឭកថា កម្ពុជា និងកាតា បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ២០០៨ ពេលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា យាងមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា។

ជាការឆ្លើយតបលោកឯកអគ្គរាជទូតកាតា បានធ្វើគារវកិច្ច និងពាំនាំការផ្ដាំផ្ញើសួរសុខ​ទុក្ខ ពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង ប្រធានសភាកាតា ជូនសម្តេចតេជោ និង​ប្រជាជនកម្ពុជា និងសម្តែងការអបអរសាទរសម្តេចចំពោះ ដែលទទួលបាន​តួនាទីថ្មី ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណសម្តេចតេជោ និងបានលើកឡើងថា ជា​កិត្តិ​យស​ណាស់​ដែលលោក បានចូលជួបសម្តែងការគួរសម ជាមួយសម្តេចនៅថ្ងៃនេះ ហើយសង្ឃឹមថា កាតានឹងមាននិវេសដ្ឋាន នៅកម្ពុជានៅពេលខាងមុខ ហើយក៏បានប្ដេជ្ញាថានឹងខិតខំបង្កើនទំនាក់ទំនងការទូត ឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រី​ក​​ទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀ​ង​ ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។

សម្ដេចតេជោ បានសម្តែងការអរគុណចំពោះការពាំនាំ ការផ្ដាំផ្ញើសួរសុខទុក្ខពី នាយក​រដ្ឋ​មន្ត្រីរដ្ឋមន្ត្រីការបរទេស និងព្រឹទ្ធសភារបស់កាតាជូនសម្ដេច ហើយសម្ដេចបានសម្ដែងការសោកស្ដាយ ចំពោះព្រឹត្តិការណ៍World Cup ចុងក្រោយនៅកាតា ដោយសម្ដេចមានបំណងចូលរួមដែរ ប៉ុន្តែបែរជាខកខានវិញ ដូច្នេះហើយទើបនៅជំនួបនេះ ឯកអគ្គរាជទូតកាតាបានយកបាល់ ដែលទាត់នៅក្នុងព្រឹត្តិការណ៍ World Cup ជូន សម្ដេចទុកជាអនុស្សាវរីយ៍។

សម្ដេចតេជោបានរំឭកថា សម្តេច បានជួបរដ្ឋមន្ត្រីការបរទេសកាតា នៅពេលកម្ពុជា​ជាម្ចាស់​ផ្ទះ នៃប្រធានអាស៊ានឆ្នាំ២០២២ នៅភ្នំពេញ ហើយពេលនោះកាតាបាន​ចុះហត្ថ​លេខា លើកិច្ចព្រមព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹងអាស៊ាន ហើយ សម្ដចតេជោ បានលើកឡើងថា កម្ពុជា និងកាតា មានកិច្ចការធ្វើច្រើន ដោយសារកាតាជាប្រទេសមានសន្តិសុខថាមពល ហើយ កម្ពុជាជាប្រទេសធានាបានសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើន ជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទីដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយ​ចន្ទី​ច្រើន​ជាងគេ ហើយកម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាត ឱ្យក្រុមហ៊ុនបរទេស​ បើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតឱ្យនាំ​ចេញ​ទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here