ក្រុមអ្នកជំនាញកំពុងព្រួយបារម្ភពីហានិភ័យធំមួយដែលអាចកើតមានលើសេដ្ឋកិច្ចអាមេរិក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមអ្នកជំនាញមួយរូប បានលើកឡើងថា មហន្តរាយដ៏ធំ សម្រាប់សេដ្ឋកិច្ចអាមេរិក បានចាប់ផ្តើមកើតឡើងហើយ ស្របពេលសម្ព័ន្ធភាពក្រុមប្រទេស BRICS  កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើបដិ​ដុល្លារ​នីយកម្ម នៅក្នុងវិស័យហិរញ្ញវត្ថុសកល (de-dollarization)។

លោក Robert Kiyosaki អ្នកជំនួញជនជាតិអាមេរិក និងជាអ្នកនិពន្ធសៀវភៅ Rich Dad, Poor Dad បានលើកឡើងថា “មហន្តរាយ សម្រាប់អាមេរិកបានចាប់ផ្តើមហើយ។ វានឹងក្លាយទៅជារឿងដ៏អាក្រក់មួយ”។

ជាងនេះទៅទៀត ទស្សនៈរបស់លោក Robert គឺជាទស្សនៈមួយ ដែលត្រូវបានយល់ឃើញដូចៗគ្នា ដោយមនុស្សជាច្រើន ខណៈដែលក្រុមអ្នកជំនាញ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអនា គតរបស់សេដ្ឋកិច្ចអាមេរិក។
ធនាគារកណ្តាលអាមេរិក (Fed) បានដាក់ចេញនូវវិធីសាស្រ្តរង់ចាំ និងមើល(wait-and-see approach) ចំពោះការកាត់បន្ថយអត្រាការប្រាក់។ ទន្ទឹមនឹងនេះ វិបត្តិ​បំណុល​អាមេរិក​ កំពុង​កើន​ឡើង​ឥតឈប់ឈរ។

ក្រុមអ្នកជំនាញជាច្រើន បានសម្តែងការព្រួយបារម្ភរបស់ពួកគេថា បញ្ហាបំណុលនេះអាចអូសទាញ សហរដ្ឋអាមេរិកចូលទៅក្នុងគ្រោះមហន្តរាយ ច្រើនជាងសម្ពាធអតិផរណា នាពេលបច្ចុប្បន្នទៅទៀត។

ជាមួយគ្នានោះ លោក Robert Kiyosaki ក៏បានពិភាក្សាអំពី វិធីសាស្ត្រ ដែលបុគ្គលម្នាក់ៗអាចការពារខ្លួនរបស់ពួកគេ ពីផលប៉ះពាល់ ដែលនឹងមកដល់ផងដែរ។

តាមរយៈបណ្តាញសង្គម X លោក Kiyosaki បានផ្តល់អនុសាសន៍ឱ្យវិនិយោគ លើទ្រព្យសកម្មផ្សេងៗគ្នា។  ជាពិសេស លោក​ដាស់តឿន​ ​កុំ​ឱ្យវិនិយោគ​លើ​រូបិយប័ណ្ណ ព្រោះរូបិយប័ណ្ណ​នឹង​ធ្លាក់​ថ្លៃចុះ​។ ម៉្យាងទៀត លោកបានជំរុញឱ្យទិញទ្រព្យសម្បត្តិ ដូចជា មាស Bitcoin និងទ្រព្យសម្បត្តិផ្សេងទៀត ដែលហក់ឡើងថ្លៃជាពិសេស នៅពេលមានវិបត្តិទីផ្សារកើតឡើង។

ចំណែក លោក Jamie Dimon នាយកប្រតិបត្តិធនាគារ JPMorgan Chase ក៏បានធ្វើការព្រមានស្រដៀងគ្នានេះផងដែរ។ ជាពិសេស លោក Dimon បានសម្តែងការព្រួយបារម្ភថា បំណុ លរបស់សហរដ្ឋអាមេរិក ដែលចេះតែបន្តកើនឡើងជាលំដាប់ នឹងនាំមកនូវវិបត្តិ ដែលគួរឱ្យព្រួយបារម្ភខ្លាំងជាងនេះទៅទៀត៕ ប្រភព: Watcher Guru៕

LEAVE A REPLY

Please enter your comment!
Please enter your name here