ក្រុមហ៊ុន Shell គ្រោងលក់ស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួននៅប្រទេសម៉ាឡេស៊ីទៅឱ្យក្រុមហ៊ុនSaudi Aramco

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell របស់ប្រទេសអង់គ្លេសកំពុងពិភាក្សា ដើម្បីលក់ស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី ទៅឱ្យក្រុមហ៊ុនចម្រាញ់ប្រេង Saudi Aramco របស់អារ៉ាប៊ីសាអូឌីត។

យោងតាមប្រភពឧស្សាហកម្មចំនួន៤ ដែលដឹងអំពីបញ្ហានេះថា បានអះអាងថា កិច្ចព្រមព្រៀងខាងលើនេះ អាចមានទំហំទឹកប្រាក់ចំនួន១ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ ក្រុមហ៊ុន Shell បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញកិច្ចពិភាក្សានេះ។ ចំណែក ក្រុមហ៊ុនSaudi Aramco ក៏បដិសេធមិនផ្តល់ការអត្ថាធិប្បា យជុំវិញពត៌មាននេះផងដែរ។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Shell បានឱ្យដឹងថា ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ មានស្ថានីយប្រេងឥន្ធនៈប្រមាណ៩៥០ទីតាំង នៅទូទាំងប្រទេសម៉ាឡេស៊ី និងជាបណ្ដា​ញស្ថានីយប្រេងដ៏ធំបំផុតទី២ បន្ទាប់ពីក្រុមហ៊ុន Petronas ដែលគ្រប់គ្រងដោយរដ្ឋាភិបាលម៉ាឡេស៊ី។

យោងតាមប្រភពមួយ ក្នុងចំណោមប្រភពទាំង៤នោះបានទម្លា​យឱ្យដឹងថា ការពិភាក្សានេះបានចាប់ផ្តើម នៅដំណាច់ឆ្នាំ២០២៣ ហើយកិច្ចព្រមព្រៀង អាចនឹងត្រូវបានសម្រេច ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

ក្រុមហ៊ុនយក្ស Saudi Aramco ពុំមានស្ថានីយ៍ប្រេងឥន្ធនៈក្នុងប្រទេសម៉ាឡេស៊ីនោះទេ។ ប៉ុន្តែក្រុមហ៊ុននេះ បានកាន់កាប់ចំណែកភាគហ៊ុន៥០ភាគរយ នៅរោងចក្រចម្រាញ់ប្រេង Pengerang ស្ថិតក្នុងរដ្ឋ Johor ដែលកើតចេញពីការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន Petronas របស់រដ្ឋាភិបាលម៉ាឡេស៊ី។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Saudi Aramco បានបើកស្ថានីយ៍ប្រេងឥន្ធនៈត្រឹមតែនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុននេះ បានកាន់កាប់ចំណែកភាគហ៊ុន របស់ស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងប្រទេសផ្សេងទៀត តាមរយៈការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនបារាំង Total Energies និងក្រុមហ៊ុនកូរ៉េខាងត្បូង S-Oil Corpជាដើម ៕ប្រភព:Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here