ផ្លូវរថភ្លើងក្រោមទឹកដំបូងគេរវាងទ្វីបអឺរ៉ុប និងអាហ្វ្រិក គ្រោងបើកដំណើរការនៅឆ្នាំ២០៣០

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអេស្ប៉ាញ និងប្រទេសម៉ារ៉ុក គ្រោងសាងសង់ផ្លូវរថភ្លើងក្រោមទឹករវាងប្រទេសទាំង២ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររវាងទ្វីបអឺរ៉ុប និងអាហ្វ្រិកមកនៅត្រឹមតិចជាង៦ម៉ោង។

ការតភ្ជាប់ផ្លូវដែកលើកដំបូងមិនធ្លាប់មានរវាងទ្វីបទាំងពីរអាចក្លាយជាការពិតនៅក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ ខណៈបច្ចុប្បន្ន គម្រោងនេះកំពុងត្រូវបានពិចារណាយ៉ាងល្អិតល្អន់ដោយក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរ។

គម្រោងនេះត្រូវបានពិភាក្សាយ៉ាងបន្ទាន់ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០ ដើម្បីអបអរការប្រកួតបាល់ទាត់ពិភពលោក(2030 World Cup) ដែលគ្រោងនឹងរៀបចំឡើងនៅទូទាំងប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ និងម៉ារ៉ុក។

ជាក់ស្តែង ក្រុមហ៊ុនជាតិម៉ារ៉ុកសម្រាប់ការសិក្សាតាមច្រកសមុទ្រ (SNED) បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងចាប់ផ្តើមបើកការស្រាវជ្រាវដំបូងលើលទ្ធភាពនៃការស្ថាបនាគម្រោងនេះ រួមទាំងតម្លៃសំណង់ និងថ្លៃឡូជីស្ទីក។ នេះបើយោងតាមរបាយការណ៍ពីសារពត៌មាន The Telegraph។

ផ្លូវរូងក្រោមទឹកនេះនឹងជួយសម្រួលការដឹកជញ្ជូនរវាងប្រទេសអេស្ប៉ាញ និងម៉ារ៉ុក ដោយអ្នកដំណើរអាចឡើងជិះរថភ្លើងក្នុងទីក្រុងម៉ាឌ្រីត ហើយមកដល់ទីក្រុង Casablanca ដោយចំណាយរយៈពេលប្រហែល៥ម៉ោងកន្លះ។

បច្ចុប្បន្ន អ្នកដំណើរត្រូវ ចំណាយ ពេល ជាង១២ម៉ោង ក្នុង ការ ធ្វើ ដំណើរ រវាង ទីក្រុង ទាំង២ តាមរយៈមធ្យោបាយរថយន្ត និង សាឡាង ខណៈ ការធ្វើដំណើរតាមជើងហោះហើរ មាន រយៈពេល ប្រហែល២ម៉ោង។

រថភ្លើងនេះនឹងតភ្ជាប់ទីក្រុង Punta Paloma ក្នុងប្រទេសអេស្ប៉ាញទៅកាន់ ទីក្រុង Malabata ក្នុងប្រទេសម៉ារ៉ុក។ខ្សែរថភ្លើងសរុបរវាងស្ថានីយទាំង២ នឹងមានប្រវែង៤២គីឡូម៉ែត្រ ដោយក្នុងនោះ កំណាត់ផ្លូវប្រវែង២៧,៣៦គីឡូម៉ែត្រ ត្រូវរត់កាត់ផ្លូវរូងក្រោមទឹក។

ប្រសិនបើត្រូវបានសាងសង់មែននោះ ខ្សែរថភ្លើងនេះនឹងក្លាយជាផ្លូវរថភ្លើងផ្ទាល់ដំបូងគេ ដែលតភ្ជាប់រវាងទ្វីបអាហ្រ្វិក និងទ្វីបអឺរ៉ុប ហើយអាចដឹកអ្នកដំណើរបាន១២,៨លាននាក់រវាងទ្វីបទាំង២នេះជារៀងរាល់ឆ្នាំ។

យ៉ាងណាមិញ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងនេះនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយនោះទេ។ ប៉ុន្តែ បើយោងតាមការប៉ាន់ប្រមាណបានបង្ហាញថា គម្រោងនេះអាចមានតម្លៃប្រហែល៧,៥ពាន់លានដុល្លារអាមេរិក៕ប្រភព: Condé Nast Traveler៕

LEAVE A REPLY

Please enter your comment!
Please enter your name here