ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិនកំពុងសម្រេចបានវឌ្ឍនភាពឆ្ពោះទៅបើកដំណើរការនៅឆ្នាំ២០៣០

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: មន្ត្រីជាន់ខ្ពស់ថៃ បានអះអាងថា ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន ដែលតភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ខេត្ត Nong Khai រួចបន្តភ្ជាប់ទៅកាន់ផ្លូវដែកឡាវ-ចិន កំពុងសម្រេចបានវឌ្ឍនភាពឆ្ពោះទៅបើកដាក់ឱ្យប្រើប្រាស់ ជាសាធារណៈនៅឆ្នាំ២០៣០ខាងមុខ។

ដើមឡើយ ខ្សែរថភ្លើងទាំងមូលគ្រោង នឹងបើកដំណើរការឆាប់ៗនៅឆ្នាំ២០២៨។ ទោះជាយ៉ាងនេះក្តី គម្រោងដ៏ធំ ដែលត្រូវបានគេប៉ាន់ស្មានថា មានតម្លៃទុនវិនិយោគជាង៩,២ពាន់លានដុល្លារនេះ ត្រូវបានញាំញី ដោយសារការពន្យារពេល ដែលបណ្តាលមកពីការខ្វែងគំនិតផ្នែកហិរញ្ញវត្ថុរវាងប្រទេសទាំង២។

លោក Suriya Juangroongruangkit រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានជួបជាមួយលោក Wu Hao ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន នៅទីក្រុងប៉េកាំង ក្នុងអំឡុងកិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការរួមគ្នាលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន ចាប់តាំងពីគម្រោងបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២០។

ចំណែកកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការរួមគ្នាលើគម្រោងនេះ នឹងរៀបចំឡើងនៅក្នុងប្រទេសថៃ ដោយកាលបរិច្ឆេទមិនទាន់ត្រូវបានប្រកាសនៅឡើយ។

កិច្ចពិភាក្សានេះបានធ្វើឡើង បន្ទាប់ពីភាគីចិន បានអំពាវនាវឱ្យប្រទេសទាំងពីរ ពន្លឿនការសាងសង់ គម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែង៨៧៣គីឡូម៉ែត្រនេះក្នុងខែមករា បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនឆ្នាំ។

ផ្លូវរថភ្លើងល្បឿនលឿននេះ នឹងតភ្ជាប់ប្រទេសចិន និងប្រទេសថៃ ដោយឆ្លងកាត់តាមប្រទេសឡាវ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវសកល(BRI)របស់ប្រទេសចិន។

លោក Suriya បានមានប្រសាសន៍ឱ្យដឹងថា គណៈកម្មាធិការរួម បានទទួលស្គាល់វឌ្ឍនភាព នៃការសាងសង់ក្រោមការទទួលខុសត្រូវរបស់ប្រទេសថៃក្នុងដំណាក់កាលទី១ ដោយគ្របដណ្តប់លើខ្សែរថភ្លើងពីទីក្រុងបាងកក ទៅកាន់ខេត្តនគររាជសីមា។ ដំណាក់កាលទី១នេះ ត្រូវបានគេរំពឹងថា នឹងបើកដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៨។

លោក​បន្ត​ថា កំណាត់ខ្សែរថភ្លើងក្នុងដំណាក់​កាល​ទី​២ ដែលតភ្ជាប់ពី​ខេត្តនគររាជសីមា ទៅ​កាន់ខេត្ត​ណងខៃ បាន​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន ខណៈការ​សាង​សង់​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ។

លោកបានបញ្ជាក់ទៀតថា កំណាត់ផ្លូវរថភ្លើងដំណាក់កាលទី២នេះ នឹងតភ្ជាប់បន្តជាមួយផ្លូវដែកឡាវ-ចិន ហើយនឹងបើកដំណើរការនៅឆ្នាំ២០៣០ ដែលមានន័យថា គម្រោងទាំងមូលនឹងត្រូវបានបញ្ចប់រួចរាល់តែម្តង។

លោក Suriya បានបន្ថែមថា ស្ពានរថភ្លើងល្បឿនលឿនមេគង្គថ្មីមួយ ដែលតភ្ជាប់ខេត្ត Nong Khai ទៅកាន់រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ នឹងត្រូវបានសាងសង់ ដោយប្រើប្រាស់ថវិកាសារពើពន្ធឆ្នាំ២០២៤របស់រដ្ឋាភិបាលថៃ៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here