គ្រឹះស្ថានហិរញ្ញវត្ថុរួមចំណែក៣៤០លានដុល្លារវិនិយោគព្រលានយន្តហោះអន្តរជាតិតេជោ

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ គម្រោង​អភិវឌ្ឍ​ព្រលាន​យន្តហោះ​តេជោ​ ក្រុងតាខ្មៅ​ ​ដែលគ្រោងចំណាយប្រាក់ ​វិនិយោគ​អស់​ប្រមាណ​១៥០០​លាន​ដុល្លារ ពេលនេះសម្រេច​បានជាង៧២ភាគរយហើយ។

ការ​ចំណាយទឹកប្រាក់ដ៏មហាសាល វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏ធំនេះ​ ក៏មាន​​ចំណែក​ទុន​វិនិយោគ​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែលបាន​ចូលរួម​គាំទ្រ​ តាម​រយៈ​ការទិញ​សញ្ញាបណ្ណ (មូលបត្របំណុល) ពីក្រុមហ៊ុនអភិវឌ្ឍព្រលាន ក្នុង​ទំហំ​ទឹកប្រាក់៣៤០លាន ​ដុល្លារផងដែរ។

លោកស្រី លឹម លីណា អនុប្រធាន​ក្រុមហ៊ុន​កាណាឌីយ៉ា​គ្រុប​បាន​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍ​ព្រលាន​យន្តហោះ​តេជោ ក្រុង​តាខ្មៅ​​បច្ចុប្បន្ន​​សម្រេច​បាន​៧២.៣% ជាមួយនឹងការវិនិយោគសរុប​រហូត​ដល់ ១,០៥២ លានដុល្លារ។

លោកស្រី​អះអាង​ថា ខ្ទង់​ចំណាយ​នេះ​ ក៏​មានការ​ចូលរួមគាំទ្រ​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុប្រមាណ ៣៤០ លាន​ដុល្លារ ​តាម​រយៈ​ការ​ទិញ​សញ្ញាបណ្ណ (មូលបត្រ​បំណុល) ពីក្រុមហ៊ុនអភិវឌ្ឍព្រលាន។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែល​ចាយទុនរហូត​ខ្ទង់ពាន់លាន​ដុល្លារ​នេះ បើ​តាមលោក​ស្រី លឹម លីណា បានគូស​បញ្ជាក់ថា ក្រុមហ៊ុន​មាន​មហិច្ឆិតា ក្នុងការ​​ប្រែក្លាយ​ព្រលានយន្តហោះតេជោ ក្រុង​តាខ្មៅ​​ ឲ្យក្លាយ​ទៅ​ជាព្រលាន​យន្តហោះ ​ដែល​ធំនិង​ទំនើប​ជាង​គេ​​នៅ​តំបន់​អាស៊ី។

ទាក់ទង​គម្រោង​ព្រលាន​យន្តហោះ​តេជោ​ ក្រុង​​តាខ្មៅ​ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ក៏​ធ្លាប់​បាន​អំពាវនាវ​ដល់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ ជួយ​ទិញ​មូលបត្រ​បំណុល​របស់​ក្រុមហ៊ុន ដើម្បី​កាត់បន្ថយ​នូវ​ការ​ប្រើប្រាស់​ទុន​ពី​ក្រៅ​ប្រទេស។

សម្តេច​តេជោ ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ការ​ទិញ​សញ្ញាបណ្ណ ​ពីក្រុមហ៊ុន​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ថ្មី​នេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​អត្រា​ការប្រាក់ ដោយ​ទទួល​បាន​ការធានា​ផ្នែក​ហានិភ័យ​ស្មើ​សូន្យ​ពី​រាជរដ្ឋាភិបាល​។

ធនាគារ​ ABA ជា​គ្រឹះស្ថាន​ធនាគារ​ដ៏​ធំ​មួយ ដែល​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន៣០លាន​ដុល្លារ​អាមេរិក ​លើ​ការ​ទិញ​សញ្ញា​បណ្ណ​សាជីវកម្ម​ ដើម្បី​​គាំទ្រ​ហិរញ្ញវត្ថុ​ការអភិវឌ្ឍ ​ព្រលាន​យន្តហោះ​អន្តរជាតិ​តេ​ជោ​តាខ្មៅ។

លោក Zhiger Atchabarov នាយកប្រតិបត្តិការ​នៃ​ធនាគារ ABA បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា លោក​មាន​ទំនុក​ចិត្ត​ការ​រួម​ចំណែក​របស់ ABA ក្នុង​ការ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍ ​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ តាម​រយៈ​ការ​បង្កើត​ការងារ​ថ្មី និង​បង្កើន​ភាព​ទាក់ទាញ​របស់​ប្រទេស​កម្ពុជា។

លោកបញ្ជាក់​ថា ស្របតាម​គោលនយោបាយ​វិនិយោគ​របស់ ABA ការ​ចូលរួម​គាំទ្រ​ដំណាក់កាល​អភិវឌ្ឍ​នេះ ​នឹង​ប្រែក្លាយ​ព្រលាន​យន្តហោះ​តេជោតាខ្មៅ​ថ្មី មិន​ត្រឹម​តែ​ជា​គោលដៅ​ទេសចរណ៍​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​សម្រាប់​តំបន់ ដែល​នឹង​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។

ព្រលានយន្តហោះ​អន្តរជាតិ​តេជោ​តាខ្មៅ ​ត្រូវបាន​អភិវឌ្ឍ​សាងសង់​​ឡើង​នៅ​លើ​ផ្ទៃដី​ទំហំ២៦០០ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកក្នុងស្រុកបាទី ខេត្តតាកែវ។

ព្រលានយន្តហោះថ្មីនេះ វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែល​កាន់កាប់ភាគហ៊ុន៩០ភាគរយ និង​រាជរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន១០ភាគរយ ដោយវិនិយោគ​ទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី នឹង​ក្លាយ​ជាអាកាសយានដ្ឋានលំដាក់ថ្នាក់ទី៩ ក្នុងពិភពលោក ដែល​គ្រោង​បញ្ចប់​ដំណាក់កាលទី១ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆមាស​ទី១ ឆ្នាំ ២០២៥៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here