សម្តេចធិបតីៈរដ្ឋាភិបាលប្រឹងប្រែងបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរ និងជួយអ្នកវិនិយោគឲ្យរីកចម្រើន

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែង ធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាត់តែល្អប្រសើរ តាមរយៈការកាត់បន្ថយកត្តាអវិជ្ជមាន និងបង្កើនកត្តាវិជ្ជមាន។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសបើកដំណើរការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាជាផ្លូវការ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។

សម្ដេចធិបតីបានថ្លែងថា “រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែល្អប្រសើរ តាមរយៈការកាត់បន្ថយកត្តាអវិជ្ជមាន និងបង្កើនកត្តាវិជ្ជមាន”។

សម្ដេចថ្លែងយ៉ាងដូច្នេះថា យើងនឹងបង្កើនកត្តាវិជ្ជមាន តាមរយៈការដាក់ចេញ គោលនយោបាយលើកទឹកចិត្ត អនុគ្រោះ ការដាក់ចេញនូវកញ្ចប់ថវិកា សម្រាប់ជួយដល់វិស័យសំខាន់ៗ ដែលបានធ្វើហើយ តាមរយៈការដាក់ចេញនូវ គោលនយោបាយអន្តរាគមន៍មួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ យើងបានធ្វើកំណែទម្រង់លើកម្មវិធីផ្សេងៗ កាត់បន្ថយនូវវិធីស្មុគស្មាញ កាត់បន្ថយការិយាធិបតេយ្យ និងបង្កើនការប្រើប្រាស់បច្ចេកវិទ្យា

សម្ដេចធិបតីបានរំឭកថា កាលពីថ្ងៃទី៦ ខែឧសភា សម្ដេចបានប្រកាសដាក់ឱ្យប្រើប្រាស់កម្ម “វិធីបញ្ជរតែមួយជាតិ” ដើម្បីជំរុញការអនុគ្រោះឱ្យក្រុមហ៊ុនអាចចុះឈ្មោះ ចុះបញ្ជី និងធ្វើកិច្ចការផ្សេងៗតាមប្រព័ន្ធអនឡាញដោយរហ័ស កាត់បន្ថយពេលវេលានិងតម្លៃ។

សម្ដេចធិបតីបានបន្តថា ការកាត់បន្ថយកត្តាអវិជ្ជមាន ការដោះស្រាយបញ្ហាប្រឈម ចំពោះវិស័យឯកជនដែលមាន និងទាន់ពេលវេលា តាមរយៈយន្តការជួបវិស័យឯកជន តាមរយៈក្រុមការងារគ្រប់វិស័យដែលបានប្រទាក់ក្រឡាគ្នា តាមដានត្រួតពិនិត្យក្នុងការដោះស្រាយបញ្ហា នឹងជួយដល់វិស័យឯកជនបានច្រើន។

សម្ដេចបន្តទៀតថា “បញ្ហាណាដែលមិនអាចដោះស្រាយបានលឿន រាជរដ្ឋាភិបាលនឹងបង្កើតយន្តការមួយកម្រិតទៀត ដើម្បីធានាបានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការដោះស្រាយជូនវិស័យឯកជនឱ្យបានជោគជ័យ”។

 សម្តេចមហាបវរធិបតីបាន ប្តេជ្ញាចិត្តធ្វើយ៉ាងណាខិតខំឱ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឱ្យវិនិយោគិននៅកម្ពុជា កាន់តែមានភាពប្រកួតប្រជែង និងកាន់តែជោគជ័យ បន្តទៅទៀត តាមរយៈការជួយអ្នកវិនិយោគនៅកម្ពុជា ឱ្យទទួលបានការរីកចម្រើន និងរក្សាបានឧត្តមភាពនៃការប្រកួតប្រជែង។

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំនូវ សមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិន បរទេ​សមកពីគ្រប់ប្រទេស បណ្តាក់ទុនក្នុងប្រទេសកម្ពុជា រួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ខ្ញុំក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ ហើយនឹងប្តេជ្ញាចិត្តដើម្បីធ្វើយ៉ាងណាខិតខំឱ្យអស់លទ្ធភាព ដើម្បីបង្ករលក្ខណៈឱ្យវិនិយោគិននៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពប្រកួតប្រជែងនិងកាន់​​តែជោគជ័យបន្តទៅទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here