រដ្ឋាភិបាលកំពុងរៀបចំច្បាប់មួយចំនួនដើម្បីលើកកម្ពស់វិស័យសំណង់ឲ្យរីកចម្រើនបន្ថែមទៀត

0

        ដោយៈ គង់ សូរិយា

     ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា បច្ចុប្បន្ននេះក្រសួង កំពុងធ្វើច្បាប់ភូមិបាលថ្មី ដែលមានវ័យ ២៣ឆ្នាំមកហើយ ហើយក៏ត្រូវធ្វើបច្ចុប្បន្នភាពផ្សេងៗទៀត ដើម្បីលើកកម្ពស់បន្ថែមទៀតទៅដល់វិស័យសំណង់ ក៏ដូចជាប្រយោជន៍ដល់វិស័យឯកជន ជាពិសេសសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (C.V.E.A) ។

ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងពិធីប្រគល់ពានរង្វាន់ឆ្នើម ដល់ប្រតិបត្តិករអចលនទ្រព្យឆ្នាំ២០២៤ កាលពីរាត្រីថ្ងៃទី៨ ខែឧសភាឆ្នាំកន្លងទៅ បានមានប្រសាសន៍បញ្ជាក់ថា ច្បាប់មួយចំនួនដែលក្រសួងកំពុងគិតគូរនេះ មានដូចជា ច្បាប់រៀបចំដែនដី និងនគរូបនីយកម្ម, ច្បាប់ស្តីពីលំនៅឋាន ធ្វើយ៉ាងណា ដើម្បីអាចដឹងអំពីតម្រូវការនៃលំនៅឋានទូទាំងប្រទេស និងប្រភេទលំនៅឋានដែលឆ្លើយតបទៅនឹងចំណូលរបស់ប្រជាពលរដ្ឋជាដើម។

នាឱកាសនោះដែរ ឯកឧត្តម បានសំដែងនូវការគាំទ្រនឹងអបអរសាទរចំពោះម្ចាស់ជ័យលាភីអចលនទ្រព្យប្រចាំឆ្នាំនេះ ដែលអាចញ៉ាំងឲ្យវិស័យអចលនទ្រព្យ មានភាពរស់រានជាបន្តបន្ទាប់ តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវដោយខ្លួនឯង ក្រោមក្រសែរភ្នែកឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងកម្រិតសម្របសម្រួលតាមផ្លូវច្បាប់ ខណៈកន្លងមកនេះ មានប្រតិបត្តិករអចលនវត្ថុមួយចំនួនតូចដែលអត់ច្បាប់ បានទាញទម្លាក់វិស័យមួយនេះ ឲ្យជួបបញ្ហានា ហើយក៏បានទម្លាក់បន្ទុកនេះមករាជរដ្ឋាភិបាល ជាអ្នកជួយដោះស្រាយទៅវិញ។

ក្នុងកម្មវិធីនេះ លោក Tom O’Sullivan នាយកប្រតិបត្តិការ នៃ Realestate.com.kh បានលើកឡើងពីតួនាទីដ៏សំខាន់នៃវិជ្ជាជីវៈ ភាពថ្លៃថ្នូរ និងការពង្រឹងទំនុកចិត្តរបស់ភ្នាក់ងារ និងអ្នកអភិវឌ្ឍអចលនទ្រព្យ ដើម្បីធានាឲ្យបាននូវសុវត្ថិភាព នៃការវិនិយោគ ពីភ្ញៀវជាតិ និងអន្តរជាតិ។ លោកក៏បានណែនាំវេទិកាថ្មីរបស់ខ្លួនមួយ ឈ្មោះថា Connect ដែលជាវេទិកាមួយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ បានទាញយកទៅប្រើប្រាស់ដើម្បីរក្សាទិន្នន័យ ស្វែងរកអតិថិជន សហការគ្នាជាមួយដៃគូរ ក្នុងការធ្វើប្រតិបត្តិការទិញ លក់ ឬជួល មានប្រសិទ្ធិភាព និងតម្លាភាព។

សូមបញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានអ្នកចូលរួមមកពីគ្រប់ផ្នែក នៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ ចំពោះអ្នកទទួលពានរង្វាន់ត្រូវបានវាយតម្លៃខ្ពស់ពីគណៈកម្មការដោយផ្អែកលើភាពជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ ការច្នៃប្រឌិត កំណើនអាជីវកម្ម ផលប៉ះពាល់ និងឧត្តមភាពរួម។ អ្នកឈ្នះរង្វាន់ជាង៣០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារដែលឈានមុខគេក្នុងប្រទេសកម្ពុជា ដោយអ្នកឈ្នះទទួលបានរង្វាន់ជាពានរង្វាន់ចំនួន១, ត្រា CREA ដ៏មានកិត្យានុភាព និងវិញ្ញាបណ្ណបត្រ ដើម្បីបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here