គំរោងសាងសង់ស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំមិនទាន់កំណត់ពេលដោយសាររង់ចាំថវិការបស់ចិន

0

ដោយៈ គង់ សូរិយា

កំពង់ឆ្នាំងៈគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបប្រវែងជាង៣គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំប្រវែងជាង៥៨គីឡូម៉ែត្រ ​បានសិក្សាចប់សព្វគ្រប់ ​និងរង់ចាំថវិកាពីប្រទេស​ចិន។​

អ្នកនាំពាក្យក្រសួង សាធារណការ ​និងដឹកជញ្ជូន​លោក ផន រឹម ​ បានមានប្រសាសន៍ឲដឹង​កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៤​ថា ​ក្រុមមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) បានចេញរបាយការ​ណ៍​សិក្សាសមិទ្ធិលទ្ធភាព ​គម្រោងស្ថាបនាផ្លូវជាតិលេខ៥០C រួចហើយ និងរង់ចាំការពិនិត្យសម្រេច​អំពីឥណ​ទាន សម្បទានពីសាធា​រណរដ្ឋប្រជាមានិតចិន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ក៏ធ្លាប់ប្រកាសថា ​គម្រោងផ្លូវ ​និងស្ពាន​ពីខេត្តកំពង់ឆ្នាំង ​ទៅខេត្តកំពង់ធំជាគម្រោងអាទិភាពនៅក្នុងឆ្នាំ ២០២៤ ដែល​រាជរដ្ឋាភិបាល​ប្ដេជ្ញា​ចរចារពន្លឿនការបើកការដ្ឋានឱ្យបាននៅក្នុងឆ្នាំនេះ។​

គម្រោងសាងសង់ស្ពានខេត្តកំពង់ឆ្នាំង -កំពង់ធំ និងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់​ធំប្រវែងជាង ៥៨គីឡូម៉ែត្រ គ្រោងចំណាយថវិកាជិត២៥០លានដុល្លារ។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ចែកចេញជាពីរផ្នែក ក្នុងនោះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ប្រវែង ៣.២៤០ម៉ែត្រ ទទឹង១៣,៥ម៉ែត្រ និងគម្រោងសាងសង់ផ្លូវ៥០C ប្រវែងផ្លូវសរុប៥៨,២០៨គីឡូម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) ទទឹង ១០ម៉ែត្រ លើទទឹងតួផ្លូវ ១១ម៉ែត្រ។

លោកផន រឹម បានបញ្ជាក់ថា នៅពេលសាងសង់រួច ផ្លូវ និងស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើចរាចរាចរណ៍ ឆាប់រហ័សពីផ្លូវជាតិលេខ៥ ទៅលេខ៦ និងការតភ្ជាប់ទៅផ្លូវសំខាន់ផ្សេងៗទៀត ក៏ដូចជា ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ច សង្គម ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់ ព្រមទាំងជួយពន្លឿន ការអភិវឌ្ឍតំបន់នោះឲ្យកាន់តែរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here