ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាថ្មីពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងប្រឹក្សាយោបល់ Quilty Space បានឱ្យដឹងថា បណ្តាញផ្កាយរណប Starlink របស់ក្រុមហ៊ុនអាមេរិក SpaceX កំពុងសម្រេចបានមហិច្ឆិតារបស់ខ្លួន នៅក្នុងល្បឿនដ៏ខ្លាំងក្លាបំផុត។
ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Quilty Space ព្យាករណ៍ថា ផ្កាយរណប Starlink នឹងបង្កើតប្រាក់ចំណូលបាន៦,៦ពាន់លានដុល្លារនៅឆ្នាំ២០២៤នេះ ដែលការណ៍នេះហាក់ខុសផ្ទុយស្រឡះទៅនឹងការរំពឹងទុករបស់អ្នកវិភាគក្នុងឧស្សាហកម្មអវកាសដូចគ្នា។
លោក Chris Quilty ស្ថាបនិកក្រុមហ៊ុន Quilty Space បានលើកឡើងថា “បើក្រឡេកទៅកាន់ឆ្នាំ២០១៥ នៅពេលដែលក្រុមហ៊ុន SpaceX និងក្រុមហ៊ុន OneWeb បានប្រកាសពីមហិច្ឆិតាបាញ់បង្ហោះផ្កាយរណបធំៗទាំងនេះ អតីតអ្នកធ្លាប់ប្រឡូកជាច្រើន នៅក្នុងឧស្សាហកម្មបានសើចចំអក”។
-->
លោកបន្តថា “អ្នកធ្លាប់ចូលប្រឡូកទាំងនោះ បានចងចាំពីអតីតកាលដ៏បរាជ័យ កាលពីទសវត្សរ៍ឆ្នាំ១៩៩០។ ចំណែក ក្រុមអ្នកឃ្លាំមើលក្នុងឧស្សាហកម្មរំពឹងថា បណ្តាញផ្កាយរណប Starlink នឹងទទួលបានជោគជ័យ ប៉ុន្តែពួកគេមិននឹកស្មានដល់ថា ភាពជោគជ័យនោះអាចឈានដល់កម្រិតដូចសព្វថ្ងៃនេះទេ”។
កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅ ក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk បានបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់ឈ្មោះ Starlink 60 នៅលើរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនខ្លួន។
គិតមកទល់ពេលនេះ ក្រុមហ៊ុន Space X មានផ្កាយរណប Starlink ជិត៦.០០០គ្រាប់ ដែលក្នុងនោះ ផ្កាយរណបជាង៥.២០០គ្រាប់ កំពុងដំណើរការស្រាប់ និងផ្តល់សេវាអុីនធឺណេតដល់អតិថិជនជាវចំនួន២,៧លាននាក់នៅទូទាំងប្រទេសចំនួន៧៥។
លោក Chris Quilty បានបញ្ជាក់បន្ថែមថា “សមិទ្ធិផលរបស់ផ្កាយរណប Starlink ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់។ យើងព្យាករណ៍ថា ប្រាក់ចំណូលពីផ្កាយរណបទាំងនេះ នឹងកើនឡើងពី១,៤ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដល់៦,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤នេះ”៕ប្រភព: Space News៕
