ដោយ: គង់ លាងហួរ
អន្តរជាតិ: សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន៥,១១ភាគរយ នៅត្រីមាសទី១ ឆ្នាំនេះ ដែលលើសពីការព្យាករណ៍ក្នុងរង្វង់៥% ដែលជំរុញដោយកំណើននៃការប្រើប្រាស់របស់ប្រជាជនឥណ្ឌូនេសុី។
ទីផ្សារលំនៅដ្ឋានជាប់ដី(landed housing) បានបង្ហាញនិន្នាការវិជ្ជមាននៅត្រីមាសទី១ ខណៈដែលតម្រូវការផ្ទះថ្មីបន្តកើនឡើង។ ទន្ទឹមនឹងនេះ គម្រោងលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងមានមធ្យោបាយធ្វើដំណើរដ៏ល្អទៅកាន់ស្ថានីយ៍រថភ្លើង ផ្លូវបង់ប្រាក់ និងការដឹកជញ្ជូនសាធារណៈ ក៏មានតម្រូវការខ្ពស់ផងដែរ។
ជាក់ស្តែង គេសង្កេតឃើញថា គម្រោងលំនៅដ្ឋាន ដែលមានតម្លៃក្រោម៦០០លានរូពៀ(៣៧.៣០៨ដុល្លារ)ក្នុងមួយយូនីត នៅតែមានតម្រូវការខ្ពស់ខ្លាំងក្នុងចំណោមអតិថិជន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills។ចំណែក ទីផ្សារអាផាតមុិននៅតែបន្តស្ថិតក្រោមសម្ពាធ ខណៈតម្រូវការនៅមានកម្រិត និងកម្រិតតម្លៃស្ថិតក្នុងសភាពទ្រឹង។ លើសពីនេះ គេពុំសង្កេតឃើញមានគម្រោង ដែលទើបបើកដំណើរការថ្មីនោះទេ ដោយសារអ្នកអភិវឌ្ឍន៍កំពុងផ្តោតលើការលក់អាផាតមុិន ដែលមានស្រាប់។