ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមនាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន បានឱ្យដឹងថា ចំនួនប្រតិបត្តិការអចលនទ្រព្យ នៅក្នុងទីក្រុងហូជីមិញ បានកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ១៣ភាគរយ ដល់ជាង១២០.០០០ប្រតិបត្តិការ នៅក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំនេះ។
ប្រតិបត្តិការភាគច្រើនបានធ្វើឡើង នៅក្នុងតំបន់ចំនួន៤ ដែលមិនស្ថិតនៅជិតទីប្រជុំជន ដូចជា តំបន់ Thu Duc និងតំបន់ Districts 12 ព្រមទាំងតំបន់ Binh Tan និងតំបន់ Cu Chi។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Vnexpress។
-->
លោក Nguyen Toan Thang ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន បានលើកឡើងថា “និន្នាការនេះប្រហែលជាបណ្តាល មកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ទាំង៤ខាងលើ ដែលបានទាក់ទាញការវិនិយោគ កាន់តែច្រើននាពេលថ្មីៗនេះ”។ ប្រតិបត្តិការទាំងនេះ បានជួយរួមចំណែកបង្កើនប្រាក់ចំណូលរបស់ទីក្រុងហូជីមិញ។
ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទីក្រុងហូជីមិញបានទទួលថ្លៃសេវាជាង២,៥ទ្រីលានដុង (ប្រមាណ៩៨,៤លានដុល្លារអាមេរិក) ពីការចុះបញ្ជីដីធ្លី និងការចេញលិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លី កើនឡើង៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Thang បានបន្តថា ចំនួនប្រតិបត្តិការអចលនទ្រព្យអាចនឹងស្ថិតនៅត្រឹមចំនួន១០០.០០០ប្រតិបត្តិការ នៅក្នុងត្រីមាសទីពីរ។ យោងតាមការិយាល័យស្ថិតិបានឱ្យដឹងថា វិស័យសេវាកម្មអចលនទ្រព្យបានដំណើរការយ៉ាងល្អ ដោយសម្រេចបានទំហំប្រាក់ចំណូលចំនួន៨០,៨ទ្រីលានដុង កើនឡើង១០ភាគរយ។
ជាមួយគ្នានេះ ការវិនិយោគក៏កំពុងហូរចូល ទៅក្នុងវិស័យអចលនទ្រព្យបន្ថែមទៀតផងដែរ ដោយដើមទុនចុះបញ្ជីរបស់អាជីវកម្មអចលនទ្រព្យថ្មីបានកើនឡើង១៤៦% ដល់ទំហំទឹកប្រាក់២៤ទ្រីលានដុងនៅក្នុងរយៈពេល៤ខែដើមឆ្នាំនេះ។
យោងតាមនាយកដ្ឋានសំណង់ទីក្រុងហូជីមិញ បានឲ្យដឹងថា ការស្ទុះងើបឡើងវិញ នៃទីផ្សារអចលនទ្រព្យ ក៏បានជំរុញឲ្យតម្រូវការសំណង់កើនឡើងផងដែរ។
គិតត្រឹមចុងខែមេសា នាយកដ្ឋានបានចេញលិខិតអនុញ្ញាតសាងសង់ជាង៥.៧០០លិខិត ដែលកើនឡើង៨% បើធៀបនឹងឆ្នាំមុន សម្រាប់ផ្ទៃដីសរុបចំនួន១,៣លានម៉ែត្រការ៉េ៕ប្រភព: Vnexpress៕