Hattha top Banner

អ្នកភូធុរកិច្ចអាល្លឺម៉ង់បង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹងនិងពង្រីក បណ្តាញធុរកិច្ចនៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបគណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ចំនួនប្រមាណ៣០រូប ដឹកនាំដោយលោក Alexander Ziehe ប្រធានសមាគមធុរកិច្ចអាល្លឺម៉ង់ (German Business Association- GBA) និងលោកPeter Kompalla ប្រធានតំណាងសភាឧស្សាហកម្ម និងពាណិជ្ជកម្មអាល្លឺម៉ង់ប្រចាំវៀតណាម (AHK -German Chamber of Industry and Commerce)។

ប្រតិភូដែលអញ្ជើញមកនាពេលនេះ មានសកម្មភាពធុរកិច្ចនិងវិនិយោគក្នុងវិស័យកម្មន្តសាល បច្ចេកវិទ្យា បដិសណ្ឋារកិច្ច អប់រំ និងសេវាកម្ម នៅប្រទេសវៀតណាម និងមានបំណងស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោកអគ្គលេខាធិការរង បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ គណៈប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលាមកសិក្សាស្វែងយល់ និងបានឃើញពីជវភាព នៃសង្គមសេដ្ឋកិច្ចនិងសក្តានុពលរបស់កម្ពុជាដោយផ្ទាល់។

ក្នុងឱកាសនេះ លោកបានធ្វើបទបង្ហាញចែករម្លែក ព័ត៌មានពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ, វិស័យវិនិយោគអាទិភាព ក្របខណ្ឌលើកទឹកចិត្តវិនិយោគ, ការចុះបញ្ជីនិងកិច្ចសម្រួលវិនិយោគ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេ​ស គំរោងហេដ្ឋារចនាសម្ព័ន្ធនិងឡូជីស្ទីកសំខាន់ៗ, និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។

គណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ បានសម្តែងនូវសេចក្តីសោមនស្ស ដែលបានជ្រួតជ្រាបកាន់តែច្បាស់ ពីរចនាសម្ព័ន្ធដឹកនាំនិងតួនាទីដ៏មានសារៈសំខាន់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងអំពីស្ថានភាព និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងនេះ គណៈប្រតិភូធុរកិច្ច បានបង្ហាញចំណាប់អារម្មណ៍ពាក់ព័ន្ធ នឹងគម្រោងវិនិយោគក្នុងវិស័យសំណង់ ទេសចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត ការកែច្នៃឡើងវិញ ព័ត៌មានវិទ្យា វិនិយោគបៃតង និងរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here