ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ឬការិយាល័យ នៅតាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន មានការប្រែប្រួលខុសៗគ្នា ខណៈតម្រូវការជួលការិយាល័យ នៅក្នុងប្រទេសខ្លះថយចុះ រីឯតម្រូវការនៅប្រទេសខ្លះទៀត មានស្ថានភាពល្អប្រសើរ។
ទីផ្សារការិយាល័យបានវិវត្តន៍ គួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ និងការដំឡើងអត្រាការប្រាក់ ដែលបានធ្វើឱ្យក្រុមហ៊ុននានាតម្រូវឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះ។ និន្នាការនេះបានបន្តកើតមាន ខណៈមនុស្សបានបន្សុំាខ្លួនរបស់ពួកគេ ទៅនឹងការធ្វើការងារពីផ្ទះរួចទៅហើយ ដែលការណ៍នេះ នាំឱ្យអត្រាការិយាល័យទំនេរមានការកើនឡើង។
ខាងក្រោមនេះ គឺជាស្ថានភាពថ្លៃជួលការិយាល័យ នៅក្នុងទីក្រុងធំៗរបស់បណ្តាប្រទេសចំនួន៣ នៅតំបន់អាស៊ាន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤៖
ទី១: ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ថ្លៃជួលការិយាល័យជាមធ្យមនៅតំបន់ Metro Manila មានតម្លៃ១.០៣៥ប៉េសូ(ប្រមាណ១៧,៩ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ គិតត្រឹមចុងត្រីមាសទី១ ឆ្នាំនេះ ដែលបង្ហាញសញ្ញាពីការធ្លាក់ចុះ១,២% ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន និងធ្លាក់ចុះ២,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។
ទី២: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី
គិតត្រឹមចុងខែមីនា ឆ្នាំ២០២៤ ថ្លៃជួលការិយាល័យជាមធ្យម នៅតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មកណ្តាល (CBD) នៃទីក្រុងហ្សាការតា មានតម្លៃ១៦៦.៨០០រូពៀ ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ក្នុងមួយខែដែលតំណាងឱ្យការកើនឡើង៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។
ប៉ុន្តែប្រសិនបើគិត ក្នុងលក្ខខណ្ឌប្រាក់ដុល្លារ ថ្លៃជួលការិយាល័យជាមធ្យមបានធ្លាក់ចុះ១,៦ភាគរយ មកនៅត្រឹម១០,៥២ដុល្លារក្នុងម៉ែត្រការ៉េ ដែលបណ្តាលមកពីការដាំក្បាលចុះ នៃប្រាក់រូពៀរបស់ឥណ្ឌូនេស៊ី ធៀបនឹងប្រាក់ដុល្លារអាមេរិក។
ទី៣: ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
អត្រាការិយាល័យប្រណីត (Prime office) ដែលគេទុកទំនេរចោលគ្មានអ្នកជួលនៅទីក្រុងគូឡាឡាំពួរ ស្ថិតក្នុងរង្វង់២៩,៧ភាគរយ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ខណៈការជួលប្រចាំខែមានតម្លៃ១៧,៩១ដុល្លារក្នុងមួយហ្វីតការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank៕