ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យ នៅតែមិនទាន់មើលឃើញពីភាពប្រសើរឡើង ក្នុងវិស័យអចលនទ្រព្យនៅឡើយ ដែលទាមទារឲ្យអ្នកនៅក្នុងវិស័យនេះ មានភាពអត់ធន់បន្ថែមទៀត។
អគ្គនាយកក្រុមហ៊ុន Advance Real estate លោកប៉ូ អ៊ាវគង់ បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមនាល្ងាចថ្ងៃទី១៣ ឧសថា វិស័យនេះស្ថិតក្នុងដំណាក់កាលមួយ ត្រូវអត់ធន់ និងធ្វើដំណើរទៅមុខក្នុងស្ថានភាពយឺតៗ ព្រោះទីផ្សារមិនមានការប្រែប្រួលធំដុំទេ ដោយសារភាពប្រឈមពីខាងាក្រៅ និងកត្តាខាងក្នុង។លោកបន្តថា “រាល់ការវិនិយោគ ការទិញ លក់ មិនទាន់មានភាពគំហុកទេ បើទោះជាមានការទិញលក់តិចតួចក្តី”។ លោកបន្ថែមថា “គិតពីសម័យមុនកូវីដ មកដល់បច្ចុប្បន្ន នៅតែមានដំណើរការយឺតៗ ដោយសកម្មភាពដាក់លក់ និងការបង្ខំចិត្តលក់អចលនទ្រព្យបាន និងកំពុងបន្តកើនឡើង”។
លោកប៉ូ អ៊ាវគង់បានបន្តថា កំលាំងចលករនៃការទិញ នៅដដែល ដែលធ្វើឲ្យស្ថានភាពទីផ្សារ បានបន្តធ្លាក់ចុះសន្សឹមៗ ហើយព័ត៌មានថា ជនបរទេសមកពីអឺរ៉ុប និងអាស៊ីមួយចំនួន ពួកគេកំពុងសម្លឹងមកកាន់ទីផ្សារនេះ ប៉ុន្តែពួកគេមិនទាន់សម្រេចចិត្តនៅឡើយ។ជាមួយគ្នានេះ លោកឡុង គឹមសួរ អគ្គនាយកក្រុមហ៊ុនCentury21 Advance Propertyបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារនាពេលនេះ មិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ ស្ថានភាពនៃការទិញ លក់មានសភាពអាក្រក់ជាងឆ្នាំ២០២៣ទៅទៀត។
លោកបន្តថា ដើម្បីឲ្យវិស័យនេះងើបឡើងវិញ ទាមទារឲ្យវិស័យដទៃទៀត ដែលជាកំលាំងចលករសេដ្ឋកិច្ច ងើបឡើងជាមុនសិន ហើយជាធម្មតាវិស័យអចលនទ្រព្យ តែងតែងើបក្រោយគេ ដោយសារវិស័យនេះត្រូវការលំហូរមូលធនធំ។ លោកបញ្ជាក់ថា “អ្វីៗកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ចរន្តទីផ្សារមិនទាន់កំរើកឡើងនៅឡើយទេ”៕