តើរាជវង្សស្តេចឌូបៃមានទ្រព្យសម្បត្តិដ៏ច្រើនមហាសាលកម្រិតណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងឌូបៃមានភាពល្បីល្បាញយ៉ាងខ្លាំង នៅលើពិភពលោក ដោយសារទីក្រុងអារ៉ាប់មួយនេះ មានរបៀបរស់នៅដ៏ប្រណីត រាប់ចាប់តាំងពីសំណង់អគារខ្ពស់ៗកប់ពពក រហូតដល់ការរៀបចំពិធីជប់លៀងក្នុងទ្រង់ទ្រាយធំៗជាច្រើន។

លើសពីនេះ ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum និងក្រុមគ្រួសាររាជវង្ស ដែលជាប់ឈ្មោះជាស្តេចឌូ​បៃ (Emir of Dubai)  គឺជាខ្សែរាជវង្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេបំផុតមួយនៅលើពិភពលោក ។នេះបើយោងតាមរបាយការណ៍ពីគេហទំព័រ ​​Luxury Launches។

ជាក់ស្តែង ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum មានទ្រព្យសម្បត្តិចន្លោះពី១៤ពាន់លានដុល្លារ ទៅ១៨ពាន់លានដុល្លារ ដែលធ្វើឱ្យព្រះអង្គក្លាយជាស្តេច ដែលមានទ្រព្យច្រើនជាងគេបំផុតមួយអង្គ នៅក្នុងពិភពលោក និងជាបុគ្គលមានបំផុតនៅទីក្រុងឌូបៃ។
ព្រះអង្គម្ចាស់ Sheikh Mohammad រួមជាមួយនឹងព្រះមហេសី និងបុត្រទាំង៦អង្គ គង់នៅក្នុងវិមាន Zabeel ដែលលាតសន្ធឹងលើផ្ទៃដី១៥ហិកតា និងមានបន្ទប់ជាង១៥០បន្ទប់ រួមទាំងបន្ទប់សាលរបាំ សួនសត្វឯកជន និងអាងហែលទឹកជាច្រើន។ វិមាននេះមានតម្លៃ២ពាន់លានដុល្លារ។

ការរៀបអភិសេកដំបូងរបស់ព្រះអង្គម្ចាស់ Sheikh Mohammad បានបំបែកកំណត់ត្រាពិភពលោក Guinness ក្នុងនាមជា “អាពាហ៍ពិពាហ៍ថ្លៃបំផុត”។

ពិធីនេះមានរយៈពេល១ខែ ដោយចំណាយប្រាក់អស់១០០លានដុល្លារ ដោយក្នុងនោះកីឡដ្ឋានមួយ ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ប្រារព្ធពិធីរៀបអភិសេករបស់ព្រះអង្គ។

ស្តេចឌូបៃអង្គនេះមានទ្រព្យសម្បត្តិ ដ៏ច្រើនមហាសាលជាច្រើនផ្សេងទៀត ដូចជា ផ្ទះនៅមាត់សមុទ្រនៅលើកោះ Palm Jumeirah កោះ Zaya Nurai និងអចលនទ្រព្យប្រណីតជាច្រើន នៅក្នុងចក្រភពអង់គ្លេស និងតំបន់អឺរ៉ុបក្នុងចំណោមវត្ថុដ៏មានតម្លៃផ្សេងទៀត។

លើសពីនេះ ព្រះអង្គម្ចាស់ Sheikh Mohammad មានទូក​ទេសចរណ៍ជាច្រើនគ្រឿង ដោយក្នុងនោះ ទូក Dubai Yatch គឺជាទូកថ្លៃបំផុតរបស់ព្រះអង្គ ដែលមានតម្លៃ៤០០លាន​ដុល្លារ​ និងទូក Quattroelle ដែលមានតម្លៃ១៨០លាន​ដុល្លារ​។

ស្តេចឌូបៃអង្គនេះ ក៏មានយន្តហោះ​ឯកជន​ផងដែរ រួម​មាន​ដូចជា យន្តហោះ Boeing 747-400 យន្តហោះ Dubai Air Wing One យន្តហោះ Boeing 737 និងយន្តហោះ Gulfstream G650៕ប្រភព: Thenews.com.pk៕

LEAVE A REPLY

Please enter your comment!
Please enter your name here