Hattha top Banner

រដ្ឋាភិបាលហ្វីលីពីនប្រកាសរឹតបន្តឹងលើការផ្តល់ទិដ្ឋាការទេសចរណ៍សម្រាប់ជនជាតិចិន

0

ដោយ: គង់ លាងហួរ

ម៉ានីល: រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ខ្លួននឹងរឹតបន្តឹងច្បាប់ សម្រាប់ការចេញទិដ្ឋាការទេសចរណ៍ដល់ពលរដ្ឋចិន ស្របពេលមានករណី ដាក់ពាក្យស្នើសុំក្លែងបន្លំជាច្រើន។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន VNexpress។

សារព័ត៌មាន Philippine Daily Inquirer បានដកស្រង់របាយការណ៍របស់ក្រសួងការបរទេសហ្វីលីពីន មកចុះផ្សាយថា “ក្រោមលក្ខខណ្ឌតម្រូវថ្មី ដែលនឹងត្រូវអនុវត្តន៍ចាប់ពីសប្តាហ៍នេះ អ្នកដាក់ពាក្យសុំទិដ្ឋាការ ត្រូវតែបង្ហាញឯកសារសន្តិសុខសង្គម ដែលចេញដោយរដ្ឋាភិបាលចិន។

ទន្ទឹមនឹងនេះ បេក្ខជនស្នើសុំទិដ្ឋាការ នៅតែត្រូវដាក់ភស្តុតាងបញ្ជាក់ពីសមត្ថភាពផ្នែកហិរញ្ញវត្ថុ វិញ្ញាបនបត្របញ្ជាក់ការងារ និងរបាយការណ៍ធនាគាររបស់ពួកគេ។លោក Jesus Domingo អនុរដ្ឋលេខាធិការក្រសួងសន្តិសុខស៊ីវិល និងកិច្ចការកុងស៊ុល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីជនជាតិចិនមួយចំនួន បានបញ្ជូនឯកសារក្លែងក្លាយ ក្នុងអំឡុងពេលដាក់ពាក្យសុំទិដ្ឋាការ។

កាលពីឆ្នាំមុន រដ្ឋាភិបាលហ្វីលីពីន បានដាក់ឱ្យដំណើរការទិដ្ឋា​ការអេឡិចត្រូនិក សម្រាប់ជនជាតិចិន ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានកាន់តែច្រើន ប៉ុន្តែបានផ្អាកទៅវិញក្នុងរយៈពេល៣ខែ ដោយសារតែបញ្ហាបច្ចេកទេស។

ទោះជាយ៉ាងនេះក្តី ប្រទេសចិន​គឺជា​ប្រភព​ភ្ញៀវទេសចរ​ណ៍បរទេស​ដ៏កំពូល​មួយ​សម្រាប់​ហ្វីលីពីន។ ទិដ្ឋាការចូលតែមួយលើក(single-entry) អនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ អាចស្នាក់នៅក្នុងប្រទេសហ្វីលីពីន រយៈពេលអតិបរមា៣ខែ ខណៈដែលទិដ្ឋាការចូលច្រើនលើក(Multiple-entry) មានសុពលភាពចាប់ពី៦ខែ ទៅដល់១ឆ្នាំ។

នៅឆ្នាំ២០២៤នេះ ប្រទេសហ្វីលីពីន បានដាក់ចេញគោលដៅទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យបានចំនួន៧,៧លាននាក់ បើធៀបនឹងភ្ញៀវទេសចរណ៍ អន្តរជាតិចំនួន៥,៤៥លាននាក់ ដែលហ្វីលីពីនបានកត់ត្រាកាលពីឆ្នាំមុន៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here