Hattha top Banner

ប្រតិភូខេត្តជាំងស៊ូទស្សនកិច្ចខេត្តព្រះសីហនុដោយបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាច្រើន

0

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោកវង្ស ផាណាត បានស្វាគមន៍ លោកឈិន ជីរ (CHEN JIN) ប្រធានគណៈកម្មាធិការកសិកម្ម និងជនបទនៃសភាប្រជាជនខេត្តជាំងស៊ូ ប្រទេសចិន។

លោកប្រធានក្រុមប្រឹក្សាខេត្ត បានជំរាបជូនពីទំនាក់ទំនងការទូតកម្ពុជា ចិន បានបង្កើតផ្លូវការក្នុងឆ្នាំ១៩៥៨ ប្រជាជនប្រទេសទាំងពីរមានការប្រា​ស្រ័យទាក់ទងគ្នារាប់រយឆ្នាំកន្លងមកហើយ។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរប្រជាជន។ ប្រទេសកម្ពុជារំពឹងថា និងអាចស្រូបទេសចរចិន មកកាន់កម្ពុជាមានចំនួនកើនឡើង ដើម្បីជំរុញយុទ្ធនាការ ” ទស្សនាសៀមរាប ឆ្នាំ២០២៤”។

លោកឈិន ជីរ (CHEN JIN) ប្រធានគណៈកម្មាធិការកសិកម្ម និងជនបទនៃសភាប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ប្រទេសចិនជាអ្នក ជិតខាងល្អ មិត្តល្អ  និងដៃគូរល្អ បន្ទាប់ពីការបង្កើតទំនាក់ទំនងកាទូតអស់រយៈពេលជាង៦០ឆ្នាំ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជំនាន់នីមួយនៃប្រទេសទាំងពីរ ចំណងមិត្តភាពកម្ពុជា និងចិនមានភាពរឹងមាំ បន្ទាប់ពីបានឈានចូលយុគសម័យថ្មី។

លោកបានបន្តថា ឯកឧត្តម ស៊ី ជីងពីង និងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ មានទំនាក់ទំនងជិតស្និត បានជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនង រវាងប្រទេសទាំងពីរ ឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរបានព្រួតដៃគ្នាជំរុញឱ្យមានគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ និងជំរុញបន្ថែមក្របខណ្ឌត្បូងពេជ្រ ដែលមានវិស័យអាទិភាពចំនួន៦ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសកម្ពុជា និងចិនឱ្យកាន់តែមានភាពស៊ីជំរៅ។

 បច្ចុប្បន្នប្រទេសចិន បានក្លាយជាដៃគូរពាណិជ្ជកម្ម ផលិតផលកសិកម្មធំជាងគេរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០២២ ទំហំទឹកប្រាក់នាំចេញ នាំចូលផលិតផលកសិកម្មមានចំនួន៧៦០លានដុល្លាសហរដ្ឋអាមេរិក បានកើនឡើង១៣ភាគរយ បើធៀបនឹងឆ្នាំ២០២១ អត្រានេះខ្ពស់ ហើយក៏ជាច្រកសំខាន់មួយរបស់ប្រទេសកម្ពុជា ដែលបានបើកចំហរកិច្ចសហប្រតិបត្តិការ យ៉ាងសំខាន់របស់ខេត្តជាំងស៊ូ ក្នុងកាចូលរួមកសាងខ្សែក្រវ៉ាត់ និងផ្លូវ។

ខេត្តទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និត មានកិច្ចសហប្រតិ​បត្តិការទូលំទូលាយ។ បន្ទាប់ពីកិច្ច ប្រជុំនាពេលនេះ យើងនឹងទៅទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលអភិវឌ្ឍរវាងខេត្តទាំងពីរ។

លោកបានបន្តថា ក្រុមហ៊ុនហុងតូគ្រុប បានឆ្លើយតបទៅនឹងគំនិតយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ក្រុមហ៊ុនហុងតូគ្រុប បានបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសមកពីក្រៅប្រទេស មកពីពិភពលោក សរុបចំនួន១៨៨សហគ្រាស បង្កើតការងារប្រមា​ណ៣ម៉ឺនកន្លែង ហើយទទួលបានការកោតសរសើរខ្ពស់ ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ខេត្តជាំងស៊ូ ត្រូវបានទទួលស្គាល់ជាប្រភពអង្ករ និងត្រី។ ឆ្នាំ២០២៣ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលផលិតផលកសិកម្មរបស់ខេត្តជាំងស៊ូ និងប្រទេសកម្ពុជា មានចំនួន៣៦លានដុល្លាសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ ស្ថានទូតចិនប្រចាំកម្ពុជា បានជំរុញឱ្យខេត្តព្រះសីហនុ ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យស្រូវ អង្ករ នេសាទ ដើម្បីរួមគ្នាអភិវឌ្ឍអង្ករ និងមច្ឆា។

ប្រទេសកម្ពុជា និងប្រទេសចិន ស្ថិតនៅតំបន់ទន្លេមេគង្គជាមួយគ្នា បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើន លើវិស័យវារីអគ្គិសនី ដឹកជញ្ជូន និងពាណិជ្ជកម្ម ខេត្តជាំងស៊ូ ជាខេត្តមួយគត់ នៃប្រទេសចិន ដែលមានទន្លេ បឹង សមុទ្រ។

លោកសង្ឃឹមថា ខេត្តទាំងពីរមានការផ្លាស់ប្តូរ កាន់តែច្រើនក្នុងការអភិវឌ្ឍទន្លេ និងក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយដំណើរទស្សនកិច្ចនេះ នឹងពង្រឹងការផ្លាស់ប្តូរគ្នា ពង្រឹងចំណងមិត្តិភាពរវាងក្រុមប្រឹក្សាខេត្តព្រះសីហនុលើគ្រប់វិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here