Hattha top Banner

មហាសេដ្ឋីអាមេរិកគ្រោងសាងសង់ទីក្រុងខ្នាតយក្សមួយដើម្បីប្រជែងនឹងគម្រោង The Line របស់អារ៉ាប៊ីសាអូឌីត

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សារពត៌មាន Express បានរាយការណ៍ថា សហរដ្ឋអាមេរិកគ្រោងសាងសង់ ទីក្រុងខ្នាតយក្សអនាគតថ្មី ដែលនឹងមិនមានរថយន្តបែបប្រពៃណីទេ គឺមានតែការដឹកជញ្ជូនសាធារណៈប៉ុណ្ណោះ។

ទីក្រុង​ដែល​មាន​តម្លៃ​៤០០​ពាន់​លាន​ដុល្លារ​មួយនេះ​ នឹងត្រូវបានសាងសង់ឡើង នៅកណ្តាល​វាលខ្សាច់រវាងរដ្ឋ Nevada រដ្ឋ Utah និងរដ្ឋ Arizona។ ទីក្រុងនេះមានឈ្មោះថា Telosa និងត្រូវបានគេប្រៀបប្រដូចទៅនឹងគម្រោងទីក្រុង The Line របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

Telosa គឺជាគម្រោងទីក្រុងខ្នាតយក្ស ដែលប្រកាសបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយមហាសេដ្ឋីអាមេរិកលោក Marc Lore ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Wonder Group។ មហាសេដ្ឋីរូបនេះបានប្រកាសថា មនុស្សចំនួន៥ម៉ឺននាក់អាចរស់នៅ ក្នុងទីក្រុងទំហំ១២ម៉ឺនហិកតាមួយនេះ នៅឆ្នាំ២០៣០ ហើយនៅឆ្នាំ២០៥០ តួលេខនេះអាចកើនឡើងដល់៥លាននាក់។លោក Marc Lore សង្ឃឹមថា ទីក្រុងថ្មីនេះនឹងប្រកួតប្រជែងជាមួ​យគម្រោងផ្សេងទៀត ដូចជា ទីក្រុង The Line របស់គម្រោង Neom នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុងបណ្តែតទឹក Oceanix Busan នៅក្នុងប្រទេសកូរ៉េខាងត្បូង។

លោក Lore បានមានប្រសាសន៍ឱ្យដឹងថា លោកចង់ឱ្យទីក្រុង Telosa ក្លាយជាទីក្រុងមិនប៉ះពាល់ដល់បរិស្ថាន ខណៈរថយន្តដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នឹងត្រូវហាមឃាត់ ហើយជំនួសមកវិញដោយការដឹកជញ្ជូនសាធារណៈ កង់ និងរថយន្តស្វយ័ត។

លើសពីនេះ លោក Lore ក៏មានក្តីស្រមៃធ្វើឱ្យទីក្រុង Telosa ក្លាយជាទីក្រុងរយៈពេល១៥នាទី(15-minute city) ដែលមានន័យថា អ្វីៗគ្រប់យ៉ាងទាំងអស់ ដែលអ្នករស់នៅប្រាថ្នាចង់បាននៅក្នុងជីវិតរបស់ពួកគេ អាចរកបានក្នុងចម្ងាយ និងពេលវេលាដ៏ខ្លីបំផុត៕ប្រភព: The News៕

LEAVE A REPLY

Please enter your comment!
Please enter your name here