ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ដោយសិក្សាពីទីផ្សារច្បាស់លាស់ និងស្គាល់រសនិយមរបស់អតិថិជន បុរីវិមានសំណាងនៅតែបន្តឆ្ពោះទៅមុខ ប្រកបដោយវឌ្ឍនភាព។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ និងការលក់បុរីវិមានសំណាង នៅតែបន្តទៅមុខក្នុងសភាពវិជ្ជមាន ទោះបីជាស្ថានភាពមានសភាពយឺតយ៉ាវជាងមុនក្តី ប៉ុន្តែយើងនៅតែបន្តសកម្មភាពសាងសង់ផ្ទះ សម្រាប់អតិថិជនរបស់យើង។
លោកបន្តថា “ស្ថិតនៅលើផ្ទៃដីទំហំ២៥ហិកតា យើងសាងសង់ផ្ទះវីឡាជាង៤០០ប៉ុណ្ណោះ ដោយទុកផ្ទៃដី៤០ភាគរយ សម្រាប់សហគមន៍បៃតង”។ លោកបន្តថា “យើងកំពុងបង្កើតសហគមន៍មួយប្រកបដោយភាពស៊ីវល័យ សម្រាប់មនុស្សជំនាន់ក្រោយ និងផ្តោតលើចក្ខុវិស័យរយៈពេលវែង សម្រាប់ផ្គត់ផ្គង់លំនៅដ្ឋានដល់ប្រជាពលរដ្ឋ”។
-->
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា អ្នកមានប្រាក់ខ្ទង់៤០ទៅ៥០ម៉ឺនដុល្លារ ពួកគេមិនអាចទិញផ្ទះវីឡាឃីង និងវីឡាឃ្វីននៅកណ្តាលរាជធានីបានទេ ប៉ុន្តែពួកគេគួរងាកមកកាន់បុរីវិមានសំណាង ដែលពួកគេអាចជ្រើសរើសផ្ទះ ដែលបានរចនាឡើងបែបក្លាសិកសម្រាប់អនាគតគ្រួសារ និងសហគមន៍របស់ពួកគេ”។ លោកបន្ថែមថា “យើងផ្តោតជាចម្បងលើក្រុមអ្នកមានសម័យថ្មី ដែលត្រូវការរសនិយមថ្មី និងផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិ។
បុរីវិមានសំណាងស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ មានចម្ងាយប្រមាណ២៥០០ម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី និងជាទីតាំងដែលហ៊ុំព័ទ្ឋ ទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ផ្សារសហគមន៍ជាដើម។ បុរីនេះមានព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រហូរកាត់ ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព និងភាពមនោរម្យសម្រាប់អតិថិជន៕








