Hattha top Banner

ម៉ាឡេស៊ីគ្រោងទប់ស្កាត់ការទិញអចលនទ្រព្យស្តុកទុកលក់ចំណេញ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរដ្ឋJohor

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី កំពុងពិចារណាលើការអនុវត្តន៍គោលនយោបាយ ទប់ស្កាត់ការទិញអចលនទ្រព្យទុកលក់ចំណេញ ស្របពេលមានការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (SEZ)។

លោក Onn Hafiz Ghazi មេដឹកនាំរដ្ឋ Johor បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ កើតចេញពីការព្រួយបារម្ភ ទាក់ទងនឹងការទិញស្តុកទុកលក់ចំណេញ ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង ស្របពេលមានផែនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។

លោក​បាន​កត់​សម្គាល់​ថា ការ​ទិញអចលនទ្រព្យ​ស្តុកទុកលក់ចំណេ​ញបាន​នាំ​ឱ្យ​​តម្លៃ​ដី និង​លំនៅដ្ឋាន​ក្នុង​តំបន់​មួយ​ចំនួនកើនឡើងយ៉ាងគំហុក ដែល​ទាមទារ​ឱ្យ​មានការ​ត្រួតពិនិត្យ និង​ការចាត់វិធានការពី​រដ្ឋាភិបាល។

លោក Onn Hafiz បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ទប់ស្កាត់មិនឱ្យតម្លៃអចលនទ្រព្យ ហក់ឡើងថ្លៃខ្ពស់កប់ពពក ព្រោះវានឹងធ្វើឱ្យប្រជាជនរស់នៅរដ្ឋJohor ជួបប្រទះការលំបាកខ្លាំង ក្នុងការទិញអច​ល​នទ្រព្យនៅក្នុងរដ្ឋមួយនេះ។លោកបានបញ្ជាក់ទៀតថា “រដ្ឋាភិបាល ក៏គ្រោងនឹងពិភាក្សាផងដែរអំពីការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ដែលលាតសន្ធឹងទៅលើរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី និងព្រំដែនសិង្ហបុរី”។

កាលពីខែមករាកន្លងទៅ ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore ដែលមានគោលបំណងជំរុញការតភ្ជាប់សេដ្ឋកិច្ចឆ្លងព្រំដែន។

តាមរយៈខ្លឹមសារ MOU ភាគីទាំងពីរនឹងធ្វើការឆ្ពោះទៅរកការជំរុញលំហូរទំនិញឆ្លងកាត់ព្រំដែន និងប្រជាជន។ ជាមួយគ្នានេះ ភាគីម៉ាឡេស៊ី និងសិង្ហបុរី ក៏កំពុងស្វែងរកគំនិតផ្តួចផ្តើមផ្សេងទៀត ដូចជាប្រព័ន្ធលើកលែងលិខិតឆ្លងដែន នៅតាមច្រកព្រំដែននៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore  និងតំបន់ហិរញ្ញវត្ថុពិសេស ក្នុងទីក្រុង Forest City អាចជួយជំរុញសេដ្ឋកិច្ចរបស់រដ្ឋJohor ឱ្យប្រសើរជាងរដ្ឋម៉ាឡេស៊ីផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕ប្រភព:Bernama៕

LEAVE A REPLY

Please enter your comment!
Please enter your name here