Hattha top Banner

សេដ្ឋវិទូAMROសុទិដ្ឋិនិយមពីកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ និងឆ្នាំខាងមុខ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយ លោកបណ្ឌិត Hoe Ee Khor ប្រធានសេដ្ឋវិទូ បានបង្ហាញសុទិដ្ឋិនិយមពីការងើបឡើង នៃសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ និងឆ្នាំ២០២៥ខាងមុខ។

ព័ត៌មាននេះត្រូវបានលើកបង្ហាញ ក្នុងពេលលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយ លោកបណ្ឌិត Hoe Ee Khor ប្រធានសេដ្ឋវិទូ ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនអំពីលទ្ធផលនៃការវាយតម្លៃបឋម លើស្ថានភាពសេដ្ឋកិច្ចកម្ពុជាកាលពីដើមសប្តាហ៍នេះ។

ក្រុមបេសកកម្មនៅតែបន្តមានសុទិដ្ឋិនិយម ចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ដោយបានព្យាករថា កំណើននៅឆ្នាំ២០២៤ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣ ហើយបន្តងើបឡើងខ្ពស់មួយកម្រិតទៀតក្នុងឆ្នាំ២០២៥ ខាងមុខ។

អតិផរណារំពឹងបន្តមានកម្រិតទាបត្រឹម២,៥% នៅឆ្នាំ២០២៤ និង២០២៥។ ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជាក៏អាចប្រឈមនឹងហានិភ័យមួយចំនួន ដូចជា ហានិភ័យនៃការថមថយនៃតម្រូវការខាងក្រៅ ប្រសិនបើសេដ្ឋកិច្ចនៃប្រទេសជាដៃគូ ពាណិជ្ជកម្មមានកំណើនទាបជាងការរំពឹងទុក ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ ជាដើម។

លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណដល់ក្រុមបេសក​កម្មដែលតែងតែជួយតាមដាន និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាជាប់ជាប្រចាំ។លោកជំទាវ ទេសាភិបាល រង់ចាំស្វាគមន៍របាយការណ៍លម្អិតរបស់ក្រុមបេសកកម្ម និងអនុសាសន៍គោលនយោបាយ ដែលនឹងក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here