ដោយ: គង់ លាងហួរ
តូក្យូ: រដ្ឋាភិបាលជប៉ុនបានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់កម្ចីប្រមាណ៩០០លានដុល្លារ សម្រាប់ការសាងសង់ខ្សែរថភ្លើងទី២ នៅក្នុងទីក្រុងហ្សាកាតា ដែលស្ថិតក្រោមគម្រោងប្រព័ន្ធដឹកជញ្ជូនរហ័ស(MRT)របស់ប្រទេសឥណ្ឌូនេស៊ី។
គម្រោងសាងសង់ខ្សែរថភ្លើង តភ្ជាប់ពីភាគខាងកើត ទៅកាន់ភាគខាងលិចទីក្រុងហ្សាការតា ដែលមានប្រវែង៨៤,១គីឡូម៉ែត្រ ត្រូវបានចែកចេញទៅជា២ដំណាក់កាល។ កំណាត់ផ្លូវនៅដំណាក់កាលទី១ មានប្រវែង២៤,៥គីឡូម៉ែត្រ គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៦ និងបញ្ចប់នៅឆ្នាំ២០៣១។ នេះបើយោងតាមការឱ្យដឹងពីស្ថានទូតជប៉ុន ប្រចាំនៅទីក្រុងហ្សាការតា។
-->
ខ្សែរថភ្លើងថ្មីនេះ នឹងត្រូវបានសាងសង់ឡើង ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ប្រទេសជប៉ុន ដូចជារថភ្លើង និងប្រព័ន្ធផ្តល់សញ្ញា។នេះបើយោងតាមការចុះផ្សាយ ទីភ្នាក់ងារសារពត៌មានជប៉ុន KYODO NEWS។
ការសាងសង់ខ្សែរថភ្លើង មានសារៈសំខាន់ណាស់ ខណៈនាពេលបច្ចុប្បន្ន ទីក្រុងហ្សាកាតាកំពុងប្រឈមមុខ នឹងការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ និងការបំពុលបរិយាកាស ស្របពេលសេដ្ឋកិច្ច និងចំនួនប្រជាជនឥណ្ឌូនេស៊ី កើនឡើងយ៉ាងឆាប់រហ័ស។
ក្រោមគម្រោងប្រព័ន្ធដឹកជញ្ជូនរហ័ស(MRT) របស់ប្រទេសឥណ្ឌូនេស៊ីដំណាក់កាលទី១ នៃខ្សែរថភ្លើងតភ្ជាប់ពីភាគខាងជើងទៅកាន់ភាគខាងត្បូង នៃទីក្រុងហ្សាការតា ដែលមានប្រវែង១៥,៧គីឡូម៉ែត្រ បានបើកដាក់ឱ្យដំណើរការនៅឆ្នាំ២០១៩ ដោយមានជំនួយពីប្រាក់កម្ចីពីប្រទេសជប៉ុន។
លើសពីនេះ នាពេលបច្ចុប្បន្ន ឥណ្ឌូនេស៊ី គឺជាប្រទេសទី១ដំបូងគេ នៅក្នុងតំបន់អាស៊ាន ដែលមានរថភ្លើងល្បឿនលឿនរត់បានចម្ងាយ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង តភ្ជាប់ពីរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុងបាងដុង។
ការសាងសង់ខ្សែរថភ្លើងហ្សាការតា-បានដុង បានចំណាយទុនវិនិយោគអស់៥២លានដុល្លារ ក្នុង១គីឡូម៉ែត្រ ដែលថ្លៃជាងការសាងសង់ផ្លូវដែកល្បឿនលឿន ក្នុងប្រទេសចិនទៅទៀត ដែលមានតម្លៃចន្លោះពី១៧ ទៅ៣០លានដុល្លារប៉ុណ្ណោះក្នុង១គីឡូម៉ែត្រ៕ ប្រភព: Kyodo News៕