ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រថ្មីចំនួន ៧៥ ក្នុងអំឡុងខែមករា ដល់ខែមេសា ឆ្នាំនេះ ដែលនាំឱ្យចំនួនរោងចក្រ ដែលបានចុះបញ្ជីសរុបនៅក្នុងប្រទេសកើនដល់
២.១៩៥រោងចក្រ។
របាយការណ៍បានបង្ហាញថា រោងចក្រថ្មីស្ទើរតែទាំងអស់គឺជារោងចក្រកាត់ដេរសំលៀកបំពាក់ ដោយលើកឡើងថា ការវិនិយោគភាគច្រើនមកពីប្រទេសចិន បន្ទាប់មកគឺកូរ៉េខាងត្បូង ជប៉ុន និងថៃ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួង លោកហេង សុខគង់ បានបញ្ជាក់ថា គិតត្រឹមក្នុងខែមេសា ក្រសួងបានចុះបញ្ជីរោងចក្រថ្មីចំនួន២០ ហើយរោងចក្រចំនួន១៩ បានដំណើរការឡើងវិញជាមួយនឹងការវិនិយោគសរុបចំនួន២៨៤លានដុល្លារ។
លោកបានបន្តថា “ទំហំវិនិយោគ ទ្រព្យសកម្មថេររបស់រោងចក្រ បានកើន ដល់ចំនួន១៩ពាន់លានដុល្លារ គិតត្រឹមខែមេសាឆ្នាំនេះ កើនឡើង១៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣”។រោងចក្រដែលបានចុះបញ្ជីទាំងអស់ បានបង្កើតការងារចំនួនដល់ប្រជាពលរដ្ឋខ្មែរ១,៥៨លានកន្លែង។

លោកបានថ្លែងក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ ២០២៤ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យថា “នេះគឺជាលទ្ធផលនៃគំនិតផ្តួចផ្តើមជំរុញសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលនឹងមានភាពធន់ជាងក្នុងរយៈពេលយូរ ដោយសារការវិនិយោគភាគច្រើន គឺនៅក្នុងសកម្មភាពផលិតកម្ម ដូចជា ការផលិតគ្រឿងអេឡិចត្រូនិក ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងការដំឡើងយានយន្ត ដែលឆ្លុះបញ្ចាំងពីការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ៕




