Hattha top Banner

លោកឧបនាយករដ្ឋមន្រ្តីជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន៩ដើម្បីជម្រុញការវិនិយោគនៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឆ្លៀតក្នុងឱកាសអមដំណើរ សម្ដេចមហាបវរធិបតីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនចំនួន០៩ ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។

នៅថ្ងៃទី១៦ ឧសភានេះ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសអមដំណើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េពីថ្ងៃទី១៥-១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឆ្លៀតពេលវេលា ទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន៩ ដើម្បីពិភាក្សាការងារ ជំរុញការវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុនដែលឧបនាយករដ្ឋមន្ត្រី ទទួលជួបនាឱកាសនេះរួមមាន ក្រុមហ៊ុន Mastern Partners Corporation, ក្រុមហ៊ុន Daewoo E&C, ក្រុមហ៊ុន WorldBridge, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន Emart, ក្រុមហ៊ុន LX International, ក្រុមហ៊ុន Hanshin Engineering Construction, ក្រុមហ៊ុន Camko Motor & Camko Infracore, និងក្រុមហ៊ុនសារព័ត៌មាន Maekyung Media News ផងដែរ។

មានប្រសាសន៍លើកឡើងក្នុងជំនួបខាងលើ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីគោលបំណង យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ថែមការយកចិត្តទុកដាក់ បន្តទាក់ទាញ និងផ្សារភ្ជាប់វិនិយោគិនរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េឱ្យបានកាន់តែល្អប្រ​សើរឡើងមួយកម្រិតបន្ថែមទៀត។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបរិយាកាសវិនិយោគ នៅកម្ពុជានាពេលបច្ចុប្បន្ន ក្រោមកិច្ចសម្របសម្រួលវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានច្រកចេញចូលតែមួយ និងការរៀបចំរចនាសម្ព័ន្ធរបស់ស្ថាប័ន ក្នុងការគាំទ្រវិនិយោគិន។

លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីសក្ដានុពលនានារបស់កម្ពុជា រាប់ចេញពីភាពបើកចំហរនៃច្បាប់វិនិយោគរបស់កម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេស មានសិទ្ធជាម្ចាស់ទាំងស្រុងលើមុខជំនួញ ដែលខ្លួនវិនិយោគនៅកម្ពុជា, ហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការវិនិយោគ, ពិសេសការយកចិត្តទុកដាក់របស់រដ្ឋាភិបាល លើការសម្របសម្រួល ដោះស្រាយបញ្ហាដល់វិនិយោគិន តាមរយៈកម្មវិធីរាជរដ្ឋាភិបាល និងផ្នែកឯកជនជាដើម។

បន្ថែមពីនេះផងដែរ កម្ពុជាបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលបានបើកឱកាសឱ្យវិនិយោគិន អាចពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើគម្រោងចំនួនប្រមាណ១៧៤គម្រោង លើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងភស្ដុភារកម្ម។

ជាមួយគ្នាក្នុងឱកាស នៃកិច្ចទាក់ទាញវិនិយោគិននេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន WorldBridge និងក្រុមហ៊ុនDaewoo E&C លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអចលនទ្រព្យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here