Hattha top Banner

ក្រុមហ៊ុនចិនធំមួយស្នើសុំបង្កើតទីក្រុងរណបមួយនៅខេត្តកោះកុង

0

        ដោយៈ គង់ សូរិយា

        ប្រទេសចិនៈ លោកGuo Xingfu អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តចេជាង និងប្រធានក្រុមហ៊ុនធំៗ នៃខេត្តចេជាង បានស្នើសុំបង្កើតទីក្រុងរណបមួយនៅខេត្តកោះកុង។

ភាគីចិន ក៏បានស្នើសុំការគាំទ្រកំពង់ផែ Ningbo ដែលជាកំពង់ផែធំរបស់ខេត្តចេជាង និងជាកំពង់ផែធំទី៣នៃប្រទេសចិន ដែលជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់ សម្រាប់ប្រទេសចិន និងឆ្លងកាត់ផ្លូវទឹកប្រទេ​សកម្ពុជា ពិសេសអាចរកដៃគូរវិនិយោគគិនចិន កសាងកំពង់ផែទឹកជ្រៅ នៅខេត្តកោះកុង ព្រោះបច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងកាត់ប្រទេសសិង្ហបុរីមានតម្លៃថ្លៃខ្លាំងពេក។

សំណើរទាំងពីរនេះ ត្រូវបានលើកឡើងក្នុងពេលលោកបណ្ឌិ អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចូលជួបសំដែងការគួរសមជាមួយ លោកGuo Xingfu អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តចេជាង និងប្រធានក្រុមហ៊ុនធំៗ នៃខេត្តចេជាង សាធារណៈរដ្ឋប្រជាមានិតចិន នៅអគារពាណិជ្ជកម្ម Zhejiang World Trade Centត។

ក្នុងជំនួបរវាងប្រតិភូខេត្តទាំង២ លោកបណ្ឌិត អ៊ុក ភ័ក្ត្រា អភិ​បាលរងខេត្តកោះកុង បានបង្ហាញពីគោលបំណង ក្នុងកិច្ចសហប្រតិបត្តិការ និងស្នើសូមការគាំទ្រលើការវិនិយោគ នៅខេត្តកោះកុង ដោយបង្ហាញពីភូមិសាស្រ្តសក្តានុពលខេត្ត ប្រព័ន្ធអនុគ្រោះនៃច្បាប់វិនិយោគកម្ពុជា។

លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) តាមរយៈកម្មវិធី One Stop Service ធ្វើឱ្យការដាក់ពាក្យស្នើសូមវិនិយោគមានភាពរហ័ស មានប្រសិទ្ធភាព ដើម្បីជំរុញការវិនិយោគបរទេសកាន់តែច្រើន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា តែងគាំទ្រយ៉ាងពេញទំហឹងលើគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road) និងកសាងមិត្តភាពដែកថែប អនាគតតែមួយកម្ពុជា-ចិន។

លោកGuo  Xingfu មានប្រសាសន៍ថា ប្រទេសកម្ពុជា មានភូមិសាស្រ្តល្អ សំបូរទៅដោយធនធានធម្មជាតិ កម្លាំងពលកម្ម ដែលជាយុវជនច្រើន និងមានប្រព័ន្ធសន្តិសុខល្អ ស្ថេរភាពនយោបាយល្អ ដែលធ្វើឱ្យវិនិយោគទុនចិន បានសម្លឹងឃើញឱកាសវិនិយោគជាច្រើននៅប្រទេសកម្ពុជា។

ក្រុមហ៊ុន KASEN GROUP នៃខេត្តចេជាង បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ក្នុងដំណាក់កាលទី១ និងកំពុងបង្កើតតំបន់សេដ្ចកិច្ចពិសេស ដំណាក់កាលទី២ នៅខេត្តកោះ​កុង ហើយតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង មានផ្ទៃដីធំទូលា​យទំហំរហូតដល់៧០៧ហិកតា ដែលនឹងអាចដំណើការរោងចក្រ និងក្រុមហ៊ុនជាច្រើន ក្នុងនោះរោងចក្រ និងក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KASEN GROUP ក៏នឹងទៅតម្លើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តកោះកុង ដែលអាចទាញស្របកម្លាំងពលកម្មប្រមាណ១ម៉ឺននាក់ សម្រាប់ជំហានទី១ និងកើនដល់៥ម៉ឺននាក់សម្រាប់ ពេលអនាគត។

ក្នុងជំនួប លោកGuo Xingfu បានស្នើសុំ២ចំណុចទៅកាន់អភិបាលររងខេត្តកោះកុង រួមមានទី១ ស្នើសូមឱ្យមានការបង្កើតទីក្រុងរណបមួយ ក្បែរតំបន់សេដ្ចកិច្ចពិសេសចេជាងកោះកុង ដើម្បីអាចឱ្យបុគ្គលិក កម្មករ និងអ្នកវិនិយោគងាយស្រួល ក្នុងការស្នាក់នៅ និងសេវារដ្ឋបាលផ្សេងៗ ក្នុងនោះ ក្រុមហ៊ុន KASEN GROUP ក៏មានជំនាញអភិវឌ្ឍន៍ទីក្រុងផងដែរ។

បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង  មានប្រសាសន៍ថា សំណូមពរទាំង២នេះ គឺរដ្ឋបាលខេត្តកោះកុង នឹងរៀបចំជារបាយការណ៍ ដាក់ជូនក្រសួងមហាផ្ទៃ នឹងស្នើសូមគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច ក្នុងនោះលោកបណ្ឌិតក៏បានស្នើសុំ២ចំណុច ពីភាគីខេត្តចេជាងផងដែរ ទី១ ស្នើសូមចងសម្ព័ន្ធមេត្រីភាពរវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចេជាង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ទី២. ស្នើសូមថ្នាក់ដឹកនាំខេត្តចេជាង ជួយផ្សព្វផ្សាយ និងនាំយកវិនិយោគទុនចិន ទៅបណ្តាក់ទុន រកស៊ីក្នុងប្រទេសកម្ពុជា ពិសេសខេត្តកោះកុងតែម្តង ព្រោះខេត្តកោះកុង មានសក្តានុពលល្អ លើវិស័យកំពង់ផែ វិស័យថាមពល និងតំបន់សេដ្ឋកិច្ចពិសេស ដែលស្រដៀងគ្នានឹងខេត្តចេជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here